(ព្រះសីហនុ)៖ មន្ត្រីរដ្ឋបាលក្រុង និងខេត្តព្រះសីហនុ បានបន្តចុះចាត់វិធានការក្តៅ ដើម្បីទប់ស្កាត់ និងផ្អាកជាបណ្តោះអាសន្ន ទៅលើការដ្ឋានសំណង់មួយចំនួន ក្នុងនោះបានផ្អាកសំណង់មួយកន្លែង របស់ជនជាតិចិន មាននៅជិតរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលសង់លយ នាំឱ្យប៉ះពាល់ផ្លូវសាធារណៈ។

សកម្មភាពនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមន្ត្រីរដ្ឋបាលខេត្តអះអាងថា សំណង់ខាងលើ បានសាងសង់ធ្វើឱ្យប៉ះពាល់ មកលើចំណីផ្លូវសាធារណៈធ្ងន់ធ្ងរ។

ទាក់ទិនបញ្ហានេះ លោក លី វណ្ណដា ដែលជាអ្នកដឹកនាំក្រុមការងារចម្រុះ ចុះផ្អាកសំណង់អនាធិបតេយ្យ របស់ជនជាតិចិនខាងលើនេះ បានឱ្យដឹងថា ការដ្ឋានសំណង់ ដែលអាជ្ញាធរចុះផ្អាក ការសាងសង់ជាបណ្តោះអាសន្ននេះ គឺបានសង់លយមកលើប្រព័ន្ធលូ និងចិញ្ចើមផ្លូវសាធារណៈ ដែលតម្រូវឱ្យម្ចាស់សំណង់នេះ ត្រូវរៀបចំសាងសង់តាមគម្រោងប្លង់ របស់រដ្ឋាភិបាលក្រុង- ខេត្តបានកំណត់។

ជាងនេះទៀត គឺមិនអនុញ្ញាតឱ្យម្ចាស់សំណង់នេះ នាំយកសម្ភារសំណង់របស់ខ្លួនមកដាក់ពង្រាយ នៅលើចិញ្ចើមផ្លូវ និងសាងសង់អាគាររឹងមាំ នាំឱ្យប៉ះពាល់មកលើប្រព័ន្ធលូ និងចិញ្ចើមផ្លូវសាធារណៈនោះទេ។

បន្ថែមលើនេះ លោក លី វណ្ណដា ក៏បានណែនាំឱ្យម្ចាស់ការដ្ឋានសំណង់ ដែលអាជ្ញាធរចុះផ្អាកការសាងសង់ ជាបណ្តោះអាសន្ននេះ ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាព ឱ្យបានត្រឹមត្រូវឡើងវិញ។ ក្នុងនោះតម្រូវឱ្យម្ចាស់ការដ្ឋាននេះ ត្រូវបិទបាំងមិនឱ្យមានដីហូរធ្លាក់ មកលើទ្រូងផ្លូវសាធារណៈ នាំឱ្យប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទៀតទេ៕