(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានបើប្រតិបត្តិការបង្ក្រាបបានជនសង្ស័យ ៣នាក់ ដែលបានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ មិត្តភក្តិខ្លួនឯងចំនួន ១,៥០០ដុល្លារ នៅចំណុចផ្ទះសំណាក់ប៉ោយប៉ែត ស៊ីធី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យភ្នាក់ងារ Fresh News ដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្រ្កាបបានជនសង្ស័យចំនួន ៣នាក់ ដែលបានប្រព្រឹត្តបទល្មើសជំរិតទារប្រាក់នៅភ្នំពេញ។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោយពីទទួលបានព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលព័ត៌មានខាងលើហើយ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាមកលោកផ្ទាល់ឱ្យដឹកនាំកម្លាំងការិយាល័យជំនាញ និងដាក់កម្លាំងពង្រាយត្រួតពិនិត្យតាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ដើម្បីស្វែងរកចាប់មុខសញ្ញាជនសង្ស័យ។ ជនសង្ស័យបានបើករថយន្តម៉ាកលុច្សស៊ីស300 ពណ៌កាំម៉ៃ ស្លាកលេខភ្នំពេញ 2AL- 8004 ដឹកជនរងគ្រោះគេចពីការឆែកឆេររបស់សមត្ថកិច្ច មកទម្លាក់ចោលនៅក្រុងប៉ោយប៉ែត ហើយពួកគេទាំង៣នាក់ ទៅជួលផ្ទះសំណាក់ប៉ោយប៉ែតស៊ីធីសម្រាក ក្រោយពីពួកគេទទួលបានប្រាក់ ១,៥០០ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះរួចហើយ។

លោកស្នងការរងបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ ព្រាប វណ្ណៈ អាយុ២៩ឆ្នាំ ជាជនល្មើសដៃដល់ ប្រកបមុខរបរលក់ផលិតផលអាហារបំប៉ន បច្ចុប្បន្នរស់នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ វ៉ាន់ ស្រេត អាយុ២៨ឆ្នាំ រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកសមគំនិត
*ទី៣៖ ឈ្មោះ ព្រាប វណ្ណា អាយុ២៣ឆ្នាំ ជាអ្នកបើកបរ រស់នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាងអ្នកបើករថយន្ត និងជាប្អូនប្រុសបង្កើតជនដៃដល់។

តាមចម្លើយពីជនរងគ្រោះឈ្មោះ ថៅ ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានប្រាប់ថា រូបគេ និងជនដៃដល់ ទើបតែស្គាល់រាប់អានគ្នាជាមិត្តភក្តិ បានជាង១ខែប៉ុណ្ណោះតាមរយៈហ្វេសប៊ុក។ នៅមុនពេលកើតហេតុជនដៃដល់ឈ្មោះ ព្រាប វណ្ណៈ បានទូសព្ទទៅហៅរូបគេ ពីកន្លែងធ្វើការដើម្បីទទួលទានអាហារថ្ងៃត្រង់។

ក្រោយមក ពួកគេក៏ឡើងជិះរថយន្តជាមួយគ្នា ចេញពីចំណុចម្តុំបុរីពិភពថ្មីចំការដូង ចូលមកក្រុងភ្នំពេញជាង ១ម៉ោង ទើបក្រុមជនដៃដល់ បានដឹករូបគេចេញពីភ្នំពេញឆ្ពោះមកខាងព្រែកលៀប បន្ទាប់មកក៏បានបិទមុខ យកស្កុតរុំដៃជាប់ យកកាំភ្លើងភ្ជុង ដោយគំរាមកុំឱ្យស្រែក ហើយជនដៃដល់ ក៏បានឱ្យរូបគេតេទូរស័ព្ទទៅក្រុមគ្រួសារ ទារប្រាក់ ៣ពាន់ដុល្លារ ឱ្យវេរចូលកុងធនាគាររបស់ជនដៃដល់ឈ្មោះ ព្រាប វណ្ណៈ។

លោកបានបន្ថែមទៀតថា ក្រុមគ្រួសារជនរងគ្រោះ ក៏បានវេរប្រាក់ចូលកុងធនាគារជនសង្ស័យបានតែ ១,៥០០ដុល្លាប៉ុណ្ណោះ រួចក៏បានប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងបានទំនាក់ទំនងទទួលព័ត៌មានមកថា ក្រុមជនល្មើសធ្វើដំណើរមកខេត្តបន្ទាយមានជ័យ ភ្លាមនោះៗ កម្លាំងនគរបាលក៏បានស្រាវជ្រាវបង្រ្កាបបានជនសង្ស័យទាំង៣នាក់ នៅក្នុងផ្ទះសំណាក់ប៉ោយប៉ែត ស៊ីធី ក្រុងប៉ោយប៉ែត តែម្តង៕