(បន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិត រឿន សុធី ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹង នាថ្ងៃទី១៧ ខែមិថុនានេះថា ក្នុងខេត្តមួយនេះ មានជំងឺគ្រុនឈាមកើនឡើងខ្ពស់ រហូតដល់៣ដង បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា នឹងឆ្នាំ២០១៨។

លោកថ្លែថថា រយៈពេល៥ខែ ដើមឆ្នាំ២០១៨ មានករណីជំងឺគ្រុនឈាមចំនួន ២១៤ករណី ខណៈ៥ខែ ដើមឆ្នាំ២០១៩នេះ មាន៧២៨ករណី ក្នុងនោះ៧០% ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផាកុមារអង្គរ នៅខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិត រឿន សុធី បានថ្លែងដូច្នេះ ក្នុងឱកាសលោក និងលោកវេជ្ជបណ្ឌិត ចេ ពិចិត្ត ប្រធានក្រុមឆ្លើយតបជំងឺ បានដឹកនាំមន្ត្រីក្រោមឱវាទ បានចុះអប់រំដល់ប្រជាពលរដ្ឋ តាមគេហដ្ឋាន តាមភោជនីយដ្ឋាន និងតាមសាលារៀន ដើម្បីពន្យល់នៅការបង្ការ ការពារដល់ជំងឺគ្រុនឈាមក្នុងខេត្តបន្ទាយមានជ័យ។

លោកវេជ្ជបណ្ឌិត រឿន សុធី បានថ្លែងថា ជំងឺគ្រុនឈាមបច្ចុប្បន្ន កើតលើមនុស្សគ្រប់វ័យ តែភាគច្រើនកុមារ ដូច្នេះអាណាព្យាបាល ត្រូវមើលការស្លៀកពាក់របស់កុមារ ការលេង ឬគេងពេលថ្ងៃ ដោយបង្ការមូសខាំ ព្រោះមូសខ្លាខាំពេលថ្ងៃ។ ពេលកុមារមានគ្រុនក្ដៅ ត្រូវយកទៅពិនិត្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត។

លោកបន្តថា មូសខ្លាញីដែលបង្កកំណើត ត្រូវការទឹកថ្លាស្អាត ដូចជាការដក់ទឹកនៅតាមសំបកកំប៉ុង ថូ ផើង កែវផ្លាស្ទិច ចានជ័រ ស្នោរ ជាពិសេសសំបកកង់ឡាន ដែលមូសអាចពង និងញាស់ជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូស ដូច្នេះត្រូវលុបបំបាត់។ ទឹកស្អាតដែលស្តុកទុកសម្រាប់ ប្រើប្រាស់តាមពាងអាង ត្រូវលាងសម្អាត គ្របឲ្យជិត ចិញ្ចឹមត្រី៧ពណ៌ ឬដាក់អាបែតសម្លាប់ដង្កូវទឹក។

លោកបន្ថែមថា ចំពោះការធ្វើអន្តរាគមន៍ ដោយបាញ់ថ្នាំមូសមានប្រសិទ្ធភាព តែរយៈពេលខ្លី ហើយសម្លាប់បានតែមូស មិនអាចសម្លាប់ដង្កូវទឹកបានទេ។ ជម្រើសល្អបំផុត គឺចូលរួមទាំងអស់គ្នា លុបបំបាត់ជម្រកមូស និងដង្កូវទឹក។

លើលពីនេះ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចេះអប់រំកូនតូចៗ កុំលេងកន្លែងណាងងឹត ក្នុងព្រៃរបោះ ហើយប្រសិនជាកូនតូចៗ មានអាការៈក្តៅខ្លួនខ្លាំង ត្រូវប្រញាប់នាំកូនតូចៗ ទៅកាន់មន្ទីរពេទ្យដែលនៅក្បែរខ្លួន៕