(កំពង់ចាម)៖ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា បានមានចំណាប់អារម្មណ៍ពិសេស ទៅលើការវិនិយោគអង្ករ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តកំពង់ចាម។ នេះជាការលើកឡើងរបស់ ឯកអគ្គរាជទូតម៉ាឡេស៊ី ក្នុងជំនួបពិភាក្សាជាមួយលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងបង្ហាញអំពីសក្តានុពលជាច្រើន ដែលមាននៅក្នុងខេត្តកំពង់ចាម ជាពិសេសលើដំណាំកសិកម្ម។ លោកអភិបាលខេត្ត បានអះអាងថា ខេត្តកំពង់ចាម ជាខេត្តមួយមានសក្កានុពលខាងដំណាំកសិកម្ម ដោយសារដីមានអំណោយផល ដីធម្មជាតិសំបូរទៅដោយជីជាតិសម្រាប់ដំណាំគ្រប់ប្រភេទ ជាពិសេសដំណាំស្រូវ និងដំណាំកៅស៊ូ បានធ្វើឲ្យខេត្តកំពង់ចាម មានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់។

ដំណាំកសិកម្មដែលប្រជាកសិករដាំរួមមាន ស្រូវរដូវវស្សា ស្រូវរដូវប្រាំងស្រូវប្រដេញទឹក និងដំណាំឧស្សាហកម្មមាន ពោត សណ្ដែក ល្ង ដំឡូងមី ម្រេច និងដំណាំឈើហូបផ្លែ ចំពោះដំណាំពោតដំឡូងមី សណ្ដែក គឺសម្បូរដាំនៅតំបន់ខ្ពង់រាបប៉ែកខាងជើង នៃខេត្តកំពង់ចាម។

លោកបន្ថែមថា សេដ្ឋកិច្ចចម្បងរបស់ខេត្ត ពឹងផ្អែកលើវិស័យកសិកម្មនៅឆ្នាំ២០១៨ ដំណាំកសិកម្មមានការលូតលាស់ និងទទួលបានទិន្នផលល្អ ទោះបីជួបនូវបញ្ហាបម្រែបម្រួលអាកាសធាតុ គ្រោះទឹកជំនន់ទឹកភ្លៀង នៅកណ្ដាលឆ្នាំរដូវវស្សា និងគ្រោះរាំងស្ងួតនៅចុងឆ្នាំក្តី។ ទន្ទឹមនិងនោះបរិមាណផលស្រូវ ដែលប្រមូលបានសរុប ៤៨៨,២៩២តោន និងទិន្នផលជាមធ្យម៣,៦៩១តោន ក្នុងមួយហិចតា ហើយក្នុងបរិមាណផលទាំងនេះ ក្រៅពីទុកបរិភោគ នឹងការបាត់បង់ ខេត្តកំពង់ចាម អាចសល់ស្រូវចំនួន១៨៨,៧៦៩តោន គិតជាអង្ករចំនួន១២០,៨១២តោន។

លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ពិសេសខេត្តកំពង់ចាម និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់អ្នកវិនិយោគម៉ាឡេស៊ីនៅកម្ពុជា ទាំងលើក្របខ័ណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសខេត្តកំពង់ចាម ក្នុងការជំរុញការនាំអង្ករទៅប្រទេសម៉ាឡេស៊ី។

លោក Eldeen Husaini BIN MOHD HASHIM បានស្នើសុំឲ្យអ្នកវិនិយោគទុនម៉ាឡេស៊ី បានជួបពិភាក្សាគ្នាជាមួយអ្នកវិនិយោគទុនកម្ពុជា នៅក្នុងខេត្តកំពង់ចាម ព្រោះមានក្រុមហ៊ុនវិនិយោគម៉ាឡេស៊ី លើវិស័យហេដ្ឋារចនាសម្ព័ន្ធ មានចំណាប់អារម្មណ៍៣យ៉ាង ទី១៖ការសាង់ផ្ទះសម្រាប់អ្នកដែលមានចំណូលទាប ឬក៏ចំណូលមធ្យម, ទី២៖ការសាងសង់ផ្លូវហាយវេ និងទី៣៖ទាក់ទងការសាងសង់សាលារៀន។

លោកអភិបាលខេត្ត ក៏បានឆ្លើយតបទៅ និងលោកអគ្គរាជទូតថា ចំពោះការស្នើសុំឲ្យមានជំនួបរវាងអ្នកវិនិយោគទុនម៉ាឡេស៊ី និងអ្នកវិនិយោគទុនកម្ពុជា នៅក្នុងខេត្តកំពង់ចាមលោកសូមស្វាគមន៍ ហើយគោលដៅនៃអ្នកវិនិយោគទុននោះ គឺមានផ្នែកកសិកម្មជាចម្បង គឺការដាំដុះ និងការចិញ្ចឹមសត្វ។

លោកអភិបាលខេត្ត បានថ្លែងទៀតថា ប្រសិនបើមានអ្នកវិនិយោគទុនម៉ាឡេស៊ី មកបង្កើតរោងចក្រ សហគ្រាស ផលិតអាហារ(ហាឡា) នៅក្នុងខេត្តកំពង់ចាមបាន នោះកាន់តែប្រសើរ ពោលមួយផ្នែកយើងទុកបម្រើសេចក្តីត្រូវការរបស់បងប្អូនខ្មែរឥស្លាមនៅក្នុងខេត្តបានប្រើប្រាស់ និងមួយផ្នែកទៀតផលិតហើយអាចនាំ ចេញទៅក្រៅប្រទេសបានផងដែរ៕