(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើឈរលើទស្សនជាតិនិយមអាមេរិក ចំពោះការបង្កសង្រ្គាមរំាងខ្ទប់លើការរីកចម្រើនបច្ចេកវិជ្ជាក្រុមហ៊ុន Huawei-5G ដូចមតិជាតិនិងអន្ដរជាតិឃើញនេះ ពីព្រោះក្នុងទស្សន:អាមេរិកគឺគេចាត់ទុកថា «អាមេរិកជាពួកស្បែកស ដែលឆ្លាតជាងពួកអាស៊ី»។ បានសេចក្ដីថា «ចំពោះទស្សនៈអាមេរិកគេចាត់ទុកខ្លួនគេ ជាពួកស្បែកស ដែលឆ្លាតនិងជាអ្នករកឃើញវិទ្យាសាស្រ្ដអ្វីៗមុនគេលើលោក ប៉ុន្ដែគេចាត់ទុកជប៉ុន ជាពួកអាស៊ី គឺជាបិតាលួចចម្លងតែចាប់ភស្ដុតាងពុំបាន»

បើហេតុនេះចំពោះការរីកចម្រើនបច្ចេកវិជ្ជារបស់ចិនជាអាទិ៍៖ រទេះភ្លើងល្បឿនលឿនជាងគេលើពិភពលោក ពិសេសបច្ចេកវិជ្ជាទូរគមនាគមន៍ 5G របស់ចិន ដោយនំាមុខអាមេរិក និងពុំលួចបច្ចេកវិជ្ជាពីអ្នកដទៃនេះ គឺផ្ទុយនឹងទស្សនៈអាមេរិកនេះឯង។ ជាក់ស្ដែងដូចប្រសាសន៍លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រំា ដែលអះអាងថា អាមេរិកនឹងរកឲ្យ ឃើញប្រព័ន្ធ 6G ជាភស្ដុតាង។ បើដូចនេះចំពោះអ្វីដែលអាមេរិកកំពុងធ្វើសង្រ្គាមប្រឆំាងនឹងក្រុមហ៊ុន Huawei លើប្រព័ន្ធ 5G នេះ គឺកុំឲ្យប្រព័ន្ធ 5G នេះដើរទៅមុខហ្នឹងឯង។

ចំពោះសំនួរថា តើអាមេរិកធ្វើសង្រ្គាមរំាងខ្ទប់ក្រុមហ៊ុន Huawei ធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចចិនដែរឬទេ?

ស្ថិតត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ មើលឃើញថា ចំពោះអ្វីដែលអាមេរិក កំពុងធ្វើសង្រ្គាមរំាងខ្ទប់ដល់ក្រុមហ៊ុន Huawei នេះគឺពុំប៉ះពាល់ដល់កំណើនលូតលាស់ សេដ្ឋកិច្ចចិននោះទេ ប៉ុន្ដែអ្វីដែលប៉ះពាល់នោះគឺមុខរបររកស៊ីរបស់ក្រុមហ៊ុន Huawei តែប៉ុណ្ណោះ។ ពីព្រោះក្រុមហ៊ុន Huawei ជាក្រុមហ៊ុនឯកជន គឺពុំមែនជាក្រុមហ៊ុនរបស់រដ្ឋនោះទេ។

បើដូចនេះបើផ្អែកពីកំណើនសេដ្ឋកិច្ចចិនដ៏ខ្លំាងក្លានេះ យើងអាចនិយាយបានថា ស.វទី២១នេះ គឺលែងជា ស.វ.របស់អាមេរិកទៀតហើយ។ មានន័យថា ស.វ.ទី២១នេះ គឺជាស.វ.របស់ចិនដែលគ្រប់គ្រងពិភពលោក ដោយមិនខុសពី ស.វ.ទី១៩ ជាស.វ.របស់ពួកអ៊ឺរ៉ុប និងស.វ.ទី២០ ជា ស.វ. របស់អាមេរិកយ៉ាងដូច្នេះដែរ។ ពីព្រោះមហាអំណាចទំាងពីរនេះ គឺពុំល្ងង់បង្កសង្រ្គាមប្រដាប់អាវុធដាក់គ្នានោះទេ ពីព្រោះរលាយដូចគ្នា។

បើហេតុនេះចំពោះអ្វីដែលយើងឃើញមហាអំណាចទំាងពីរបង្អួតបច្ចេកវិជ្ជាថ្មីៗនេះ គឺគ្រាន់តែគឺម្នាក់ៗអួតដាក់គ្នាថា អញខ្លំាង! អញពូកែ! ជាងតែប៉ុណ្ណោះ។ ប៉ុន្ដែទន្ទឹមនឹងនេះ គឺម្នាក់ៗឆ្លៀតដើរប្រមូលប្រទេសនីមួយៗដើម្បីត្រួតពិភពលោក។ ដោយក្នុងនោះអាមេរិកគឺយកកំាភ្លើងទៅសំទ្បុត តើតាមអញឬអត់? រីឯងចិនវិញ គឺយកលុយអូសទាញនេះឯង។

ជាសរុប លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើដូច្នេះចំពោះការរីកចម្រើនបច្ចេកវិជ្ជាក្រុមហ៊ុន Huawei ហើយដែលអាមេរិកកំពុងបង្កសង្រ្គាមប្រឆំាងនេះយើងឃើញថា៖

ទីមួយ៖ បើឈរលើទស្សនជាតិនិយម គឺអាមេរិកគេចាត់ទុកខ្លួនឯងថា អាមេរិកជាពួកស្បែកស ដែលឆ្លាតជាងពួកអាស៊ីតែប៉ុណ្ណោះ។
ទីពីរ៖ បើឈរលើជំនួញពាណិជ្ជកម្ម បើអាមេរិកទទួលស្គាល់បច្ចេកវិជ្ជាក្រុមហ៊ុន Huawei- 5G គឺពិភពលោកគេនឹងលែងប្រើប្រព័ន្ធ 4G របស់អាមេរិកទៀតហើយ។

បើដូច្នេះបើនិយាយពីពាណិជ្ជកម្មសេរីរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO វិញតាមធម្មតា បើកាលណាគេរកឃើញអ្វីថ្មីក្នុងមុខជំនួញ គឺត្រូវទទួលស្គាល់នូវមុខជំនួញរបស់គេ តែអ្វីដែលអស្ចារ្យនោះ គឺអាមេរិកពុំត្រឹមតែពុំទទួលស្គាល់បច្ចេកវិជ្ជា 5G ទេ តែបែរជាដាក់ក្នុងបញ្ជីខ្មៅរបស់ខ្លួនទៅវិញ៕