(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបន្ទាប់ពីរូបគេ បានប្រើល្បិចលួចលុយរបស់ក្រុមហ៊ុន ដែលគេកំពុងបម្រើការអស់ជាង២៣,០០០ដុល្លារ នៅចំណុចក្រុមហ៊ុនលក់ថ្នាំពេទ្យមេដហ្វាម ផ្ទះលេខ៦០ ផ្លុវលេខ១ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ឆេង ឌៀប អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនដូញពេញមេដហ្វាម ស្លាក់នៅផ្ទះជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។ ដោយឡែក ជនរងគ្រោះឈ្មោះ កាំ សពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនដូញពេញមេដហ្វាម ក្នុងនោះសម្ភារបាត់បង់ លុយចំនួន២៣,៥០៣ដុល្លារ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យ បានចូលធ្វើការនៅក្នុងក្រុមហ៊ុនខាងលើ ទទួលផ្នែកលក់ថ្នាំពេទ្យ ចាប់ពីឆ្នាំ២០១៦ និងបានប្រមូលលុយ ពីអតិថិជន ដើម្បីទូទាត់ឲ្យក្រុមហ៊ុន សរុបចំនួន២៣,៥០៣.៣៤ដុល្លារ តែជនសង្ស័យមិនបានយកលុយដែលប្រមូលបានមកទូទាត់ឲ្យក្រុមហ៊ុនឡើយ។

លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ខាងក្រុមហ៊ុនបានដឹកថា ជនសង្ស័យប្រមូលលុយពីអតិថិជនបានហើយ មិនប្រគល់ឲ្យក្រុមហ៊ុន រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួររួចជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចោទប្រកាន់ជនសង្ស័យតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕