(ព្រះវិហារ)៖ អគារសម្ភព និងបន្ទប់រង់ចាំចំនួន៤កន្លែង ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ ក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ហើយឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្តូរឥរិយាបទ ពីសម្រាលកូនដោយឆ្មបបុរាណតាមផ្ទះ មកសម្រាលកូនតាមមណ្ឌលសុខភាពវិញ ដើម្បីសុវត្ថិភាពមាតា និងទារក។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត ស្ថិតក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលបានផ្តល់សំណង់ដ៏ច្រើន ជាពិសេសតាមតំបន់ព្រំដែនដាច់ស្រយ៉ាល។ ទាំងនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលតែងតែគិតគូរដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយ៉ាល។

លោកអភិបាលខេត្តព្រះវិហារ ក៏បានសំណូមពរឱ្យមន្ត្រីសុខាភិបាលទាំងអស់ ខិតខំបន្ថែមទៀត ធ្វើយ៉ាងណាផ្តល់សេវាសុខភាពប្រកបដោយសមធម៌ សមភាព និងគុណភាពជូនដល់ប្រជាពលរដ្ឋ ដោយមិនរើសអើង។ សូមឱ្យអជ្ញាធរដែនដីស្រុក-ឃុំ ភូមិជួយគាំទ្រសហការឱ្យបានល្អធ្វើយ៉ាងណា ឱ្យអគារសម្ភពបន្ទប់រង់ចាំថ្មីនេះ ដំណើរការទៅដោយរលូន ដើម្បីកាត់បន្ថយអត្រាឈឺរបស់មាតា និងទារក ឱ្យស្របតាមផែនការយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះផងដែរ លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវប្តូរឥរិយាបទពីសម្រាលកូនដោយឆ្មបបុរាណនៅតាមផ្ទះ ងាកមកសម្រាលកូននៅតាមមណ្ឌលសុខភាព ទើបជាការប្រសើរ និងមានសុវត្ថិភាព។ ជាមួយគ្នានោះត្រូវសម្អាតបរិស្ថាន អនាមយ័ជុំវិញផ្ទះ និងដាក់ថ្នាំអាល់បែតតាមពាងទឹក ដើម្បីបំបាត់មុសខ្លា និងការពារកុំឱ្យកើតជំងឺគ្រុនឈាម គ្រុនចាញ់។ លោកក៏បានថ្លែងនូវការអរគុណដល់មូលនិធិសកល តាមរយៈអង្កការអាដ្រាកាណាដាផងដែរ ដែលបានយកចិត្តទុកដាក់ចូលរួមក្នុងសកម្មភាពលើវិស័យសុខាភិបាល។

លោកវេជ្ជបណ្ឌិត គួង ឡូ បានឱ្យដឹងថា អគារមណ្ឌលសុខភាព និងបន្ទប់រង់ចាំទាំង៤កន្លែង ដែលសម្ភោធដាក់ឱ្យដំណើរការនៅពេលនេះ គឺស្ថិតក្នុងមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត នៅមណ្ឌលសុខភាពរុងរឿង៤ នៅមណ្ឌលសុខភាពយាង និងប៉ុស្តិ៍សុខភាពអន្ទឹល ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក គួង ឡូ បានបន្តាថា អគារសម្ភព និងបន្ទប់រង់ចាំទាំង៤កន្លែងនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៨ អគារនេះ មានទំហំប្រវែង១០ម៉ែត្រ គុណ៥ម៉ែត្រ មាន២បន្ទប់គឺបន្ទប់រង់ចាំ និងបន្ទប់សម្ភព ដោយមានបំពាក់គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខាសម្រាលកូនដោយចំណាយថវិកាសាងសង់អស់ ចំនួន១២៨,៦៣២.៤០ដុល្លារអាមេរិក ដែលជាជំនួយរបស់មូលនិធិសកលប្រជាជនកាណាដា៕