(ភ្នំពេញ)៖ តាមរយៈការវិវត្តពីសម័យកាល​មួយទៅសម័យកាលមួយ ការគាំពារសិទ្ធិមនុស្សបានក្លាយជាប្រធានបទសំខាន់ ដែលប្រជាជាតិនីមួយៗបានយកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងមុតមាំ។ នៅក្នុងនោះផងដែរ ការរំលោភលើសិទ្ធិបុគ្គល​ដោយការ​ធ្វើទារុណកម្ម និងអំពើ​ឃោរឃៅ ជាទង្វើអមនុស្សធម៌ដែលមិនគួរគប្បី កើតឡើងលើជន​ណាម្នាក់ឡើយទោះស្ថិត​ក្នុងកាលទេស​​បែប​ណា​ក៏​ដោយ។

តាមរយៈការទទួលស្គាល់​សិទិ្ធខាងលើនេះ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨៤មហាសន្និបាតអង្គការ​សហប្រជាជាតិបាន អនុម័តនូវ​អនុសញ្ញា​ប្រឆាំង​ការធ្វើទារុណកម្ម និងការប្រព្រឹត្តិ​មកលើខ្លួន ឬទណ្ឌកម្ម​ឯទៀត​ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាប​បន្ថោក ដោយមានប្រទេស​មួយចំនួន​នៅលើសកលលោក រួមទាំងប្រទេសកម្ពុជាបានទទួលស្គាល់ និងបានចូល​ជាភាគី​មួយនៃអ​នុសញ្ញា​ខាងលើនេះ ព្រមទាំង​បានបញ្ញត្ត នៅក្នុងមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាច​ក្រកម្ពុជា ហាមឃាត់​ជាពិសេស​ចំពោះការ​ធ្វើទារុណកម្ម​ណាមួយ ហើយ​ប្រកាសថា​ចម្លើយសារភាព​ដែលកើតទ្បើងពី​ការបង្ខិតបង្ខំ​តាមផ្លូវកាយក្តី តាមផ្លូវ​ចិត្តក្តី មិនត្រូវ​ទុកជាភស្តុតាង​បញ្ចាក់អំ​ពីពិរុទ្ធភាព​ទេ។

ដើម្បីយល់កាន់តែច្បាស់ថា តើអំពើ​ណាខ្លះ​ដែលត្រូវបាន​ចាត់ទុកថា ជា​ការធ្វើទារុណកម្ម និងអំពើ​ឃោរឃៅ? ហើយ​ជនដែល​ប្រព្រឹត្ត​អំពើបែបនោះ នឹងត្រូវ​ប្រឈមមុខ​ជាមួយនឹង​ការផ្ដន្ទាទោស​ដល់កម្រិត​ណា? ​កម្មវិធីយល់ដឹង​ផ្នែកច្បាប់​របស់អង្គភា​ពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវី​កម្ពុជាសហប្រតិបត្តិការ​អន្តរជាតិ នឹងធ្វើការ​បង្ហាញ និងចែក​រំលែក​ជូនបងប្អូន​ប្រជាពលរដ្ឋ សិស្ស​ និស្សិត​ ដូចតទៅ៖

យោងតាមអនុសញ្ញា​ប្រឆាំងទារុណកម្ម ពាក្យ «ទារុណកម្ម» មានន័យថា អំពើទាំងទ្បាយណា​ដែលនាំឱ្យ​មាន​ការ​ឈឺចាប់ ឬរងទុក្ខយ៉ាងខ្លាំង ទោះផ្លូវកាយ ឬផ្លូវចិត្តក្តី ដែលត្រូវបានបង្កឡើង​ដោយចេតនា​ទៅលើជន​ណាម្នាក់ក្នុងគោលបំណង​ទាំងទ្បាយដូចជា ទាញយក​ព័ត៌មានពីជននោះ ឬតតិយ​ជនណា​ម្នាក់ ដាក់ទណ្ឌកម្មជ​ននោះចំពោះ​អំពើណា​មួយដែ​លជននោះ ឬតតិយជនណា​ម្នាក់បានប្រព្រឹត្ត ឬសង្ស័យថា​បាន​ប្រព្រឹត្ត បំភិតបំ​ភ័យ ឬបង្ខិតបង្ខំ​ជននោះ ឬតតិយ​ជនណាម្នាក់ ឬដើម្បីមូលហេតុ​ណាមួយ​ផ្សេងទៀត ដែលផ្អែកលើ​ការរើសអើងណាមួយ ហើយការឈឺចាប់ ឬការរ​ងទុក្ខ អាចបង្កដោយមន្រ្តីសា​ធារណៈ ឬជនផ្សេង​ទៀត តាមការញុះញង់ ឬការព្រមព្រៀង ឬផ្តើមគំនិ​តរបស់​មន្រ្តីសាធារណៈ ឬជនផ្សេង​ទៀតដែ​លបំពេញ​តួនាទីជាផ្លូវការ។ ពាក្យថាទារុណកម្មមិនរាប់បញ្ចូលនូវការឈឺចាប់ ឬការរងទុក្ខដែលកើតជាប់ ឬម្តងម្កាល ពីទណ្ឌកម្មត្រឹមត្រូវតាមច្បាប់ទ្បើយ។

ដើម្បីទប់ស្កាត់ និងកាត់​បន្ថយនូវការកើតឡើ​ងនៃអំពើអ​មនុ​ស្សធម៌​នេះ ក្រមព្រហ្មទណ្ឌ​នៃព្រះរាជាណាចក្រកម្ពុជា​ បានបញ្ញត្ត​ត្រង់មាត្រា ២១០ ថា «ទារុណកម្ម ឬអំពើ​ឃោរឃៅ ដែលប្រព្រឹត្តទៅ​លើបុគ្គលណាមួយ ត្រូវផ្ដន្ទាទោសដាក់​ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ»

ស្ថានទម្ងន់ទោស​ចំពោះបទទារុណកម្ម ឬអំពើ​ឃោរឃៅ (មាត្រា ២១១ - មាត្រា ២១៥) ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើអំពើនេះ ត្រូវបាន​ប្រព្រឹត្តទៅលើ៖

១. បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃអាយុបុគ្គលនោះ។
២. នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬ កាលបើជនល្មើសបានដឹង។
៣. បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬ ពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់ស្ដែង ឬ កាលបើជនល្មើសបានដឹង។
៤. ជនរងគ្រោះ ឬ ដើមបណ្ដឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះកុំឱ្យប្ដឹងបរិហារពីបទល្មើស ឬ សុំឱ្យធ្វើការជួសជុលព្យសនកម្ម។
៥. សាក្សី ដើម្បីរារាំងកុំឱ្យឆ្លើយផ្ដល់ភស្ដុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្ដឹងផ្សេងទៀត។
៦. ជនរងគ្រោះ ឬ ដើមបណ្ដឹងរដ្ឋប្បវេណី ពីព្រោះជននេះបានបរិហារពីបទល្មើស ឬ សុំឱ្យធ្វើការជួសជុលព្យសនកម្ម។
៧. សាក្សី ដោយមូលហេតុសាក្សីនេះបានផ្ដល់ភស្ដុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្ដឹងផ្សេងទៀត។
៨. កាលបើបទឧក្រិដ្ឋនេះ ត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។
៩. កាលបើបទឧក្រិដ្ឋនេះនាំឱ្យមានការកាត់អវ:យវ: ឬឱ្យមានពិការភាពជាអចិន្រៃយ៍ដល់ជនរងគ្រោះ។

បទទារុណកម្ម និងអំពើឃោរឃៅ ត្រូវផ្តន្ទាទោសដាក់ពន្ធាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំកាល បើបទ​ឧក្រិដ្ឋ​នេះ បណ្ដាលឱ្យ​ជនរងគ្រោះស្លាប់ ដោយគ្មាន​ចេតនា​សម្លាប់ ឬនាំឱ្យ​មានអត្ថឃាត​របស់ជន​នោះ។

សរុបមក ទារុណកម្ម និងអំពើឃោរឃៅ ត្រូវបានមនុស្សជាតិ​យកចិត្តទុកដាក់ និងប្រឆាំង​ដាច់ខាត​ចំពោះអំពើ​ទាំងនេះ ហើយក្រមព្រហ្ម​ទណ្ឌ ឆ្នាំ២០០៩ ក៏បាន​បញ្ញត្តអំពើទាំងនោះ​ជាបទឧក្រិដ្ឋ ដែលត្រូវ​ដាក់ទោស​ទណ្ឌយ៉ាង​ធ្ងន់ធ្ងរ​ទៅលើជន​ដែលប្រព្រឹត្តផងដែរ។

ទន្ទឹមនឹងនេះ តាមរយៈព្រះរាជក្រឹត្យនស/រកត/០៨១៧/៦៩១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កម្ពុជាបានបង្កើត គណៈ​កម្មាធិការ​​ជាតិប្រឆាំង​​ទារុណកម្ម ក្នុងគោលដៅបង្ការ និងប្រឆាំង​រាល់ការ​ធ្វើទារុណកម្ម អំពើ​ឃោរឃៅ អំពើ​អម​ស្សធម៌ អំពើធ្វើ​ទុក្ខបុកម្នេញ ឬទណ្ឌកម្ម ដើម្បីពង្រឹង​កិច្ចការពារ​ដល់ជន​ទាំងទ្បាយ ដែលត្រូវ​បានដកហូត សេរីភាព​ឲ្យរួចផុតពី​ការធ្វើ​ទារុណកម្ម។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕