(សៀមរាប)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិក្រសួងមហាផ្ទៃ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ និងលោកស្រី កុយ សាលីណា បានផ្តល់អំណោយមានដូចជា អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់លោកយាយក្រីក្រដែលពិការជើង និងបានចិញ្ចឹមចៅកំព្រាចំនួន៦នាក់ នៅស្រុកស្រុកវ៉ារិន ខេត្តសៀមរាប។

អំណោយនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ខេង រ៉ា តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ យកទៅប្រគល់ជូនលោកយាយពិការ នៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ខណៈពេលដែលក្រុមការងារយករថយន្តដឹកពួកគាត់ពីស្រុកវ៉ារិន មកកាន់ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ទោ ខេង រ៉ា បានថ្លែងថា បន្ទាប់ពីនាយឧត្តមសេនីយ៍ ខេង សុមេធ បានទទួលដំណឹងពីគ្រូជាប់កិច្ចសន្យា២រូប នៅស្រុកវ៉ារិនថា មានលោកយាយម្នាក់ពិការជើង និងបានចិញ្ចឹមចៅប្រុសស្រីចំនួន៦នាក់ ដោយឪពុកក្មេងៗទាំងនោះបានស្លាប់ចោល ហើយម្តាយចាកចេញពីផ្ទះមិនមានដំណឹង ហើយលោកយាយរ៉ាប់រងចិញ្ចឹមចៅទាំងអស់ ដែលមានទីលំនៅបច្ចុប្បន្នភូមិរលំរុន ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប មិនបង្អង់យូរនាយឧត្តមសេនីយ៍ ក៏បានចាត់ឱ្យតំណាងនាំយកអំណោយមកជូនភ្លាមៗ ដើម្បីចូលរួមកាត់បន្ថយការលំបាក របស់លោកយាយពិការ។

លោកយាយពិការមានឈ្មោះ ជា សុន អាយុ ៧៧ឆ្នាំ ចំណែកចៅទាំង៦នាក់រួមមានទី១៖ ឈ្មោះ សុង អាយហ៊ួយ ភេទស្រី អាយុ១១ឆ្នាំ, ទី២៖ ឈ្មោះ សុង អាយគៀង ភេទស្រី អាយុ១០ឆ្នាំ, ទី៣៖ ឈ្មោះ សុង អាយនីម ភេទស្រី អាយុ៩ឆ្នាំ ,ទី៤៖ ឈ្មោះ ចាន់ សុភក្ត្រា ភេទប្រុស អាយុ៨ឆ្នាំ, ទី៥៖ ឈ្មោះ សុង អាយរ័ត្ន ភេទស្រី អាយុ៧ឆ្នាំ និងទី៦៖ ឈ្មោះ សុង សុភ័ក្រ ភេទប្រុស អាយុ៦ឆ្នាំ។

អំណោយដែលនាយឧត្តមសេនីយ៍ ផ្តល់ជូនលោកយាយពិការចិញ្ចឹមចៅកំព្រានោះ មានអង្ករចំនួន១០០គីឡូក្រាម មី ទឹកស៊ីអ៊ីវ ទឹកត្រី ធុងទឹក ឆ្នាំង ចាន ស្លាបព្រា មុង ភួយ កាំបិត ខ្ទះ វែក បំពង់ទឹកក្តៅ កំសៀវ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត ព្រមទាំងថវិកាមួយចំនួនធំទៀត និងកុមារកំព្រាទាំងនាក់នោះទទួលបានសម្ភារសិក្សានិងថវិកាផងដែរ។

ដោយឡែកមួយគ្រួសារទៀត ដែលរស់នៅក្នុងក្រុងសៀមរាប ហើយមានស្ថានភាពក្រីក្រ គឺមានឈ្មោះ ចន ស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប បានទទួលអំណោយដូចក្រុមគ្រួសារលោកយាយខាងលើដែរ៕