(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសហការីទាំងអស់ រួមទាំងយុវជនស្ម័គ្រចិត្ដ ប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៨៤អង្គ ថ្វាយព្រះពរសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨៣ យាងចូល ៨៤ព្រះវស្សា។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំកុរ សំរឹទ្ធស័ក ព.ស ២៥៦៣ ព្រះនាម ទុង្សទេវី សូមជួយបីបាច់ថែរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ។

សូមជម្រាបថា ព្រះសង្ឃនិមន្ដរាប់បាត្រ ៨៤អង្គ ក្នុងពិធីសូត្រមន្ដចម្រើនព្រះជន្មវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ និមន្ដពីវត្ដ ចំពុះក្អែក ៣១អង្គ, វត្ដក្រពើហារ ២៨អង្គ, វត្ដលង្កា ១០អង្គ, វត្ដបុទុមវត្ដី ១អង្គ, វត្ដស្វាយជ្រុំ ១អង្គ, វត្ដ ច័ន្ទបូរីវង្ស ១អង្គ, វត្ដស្រះចក ១អង្គ, វត្ដព្រែកតាទែន ១អង្គ, និងវត្ដ ឧណ្ណាលោម ១អង្គ។

ក្នុងមួយវត្ដនីមួយៗ ទទួលបានទេយ្យវត្ថុ៖ អង្ករ ចំនួន១០០គីឡូក្រាម, មីយើង ចំនួន ៥កេសតូច, ត្រីខ ចំនួន ២កេស, ស្ករស ចំនួន ២០គីឡុក្រាម, ទឹកដោះគោខាប់ ចំនួន ១កេស, កាហ្វេ ចំនួន ១កេស, ទឹកក្រូច ចំនួន ៥កេស,ទឹកសុទ្ធអរុណា ចំនួន៥កេស, ផ្លែឈើមួយកន្ដ្រក, ផ្កាស្រស់ ចំនួន ១កន្ដ្រក, បច្ច័យចំនួន២លានរៀល។

សម្ដេចសង្ឃ ព្រះគ្រូចៅអធិការវត្ដ ចំនួន៩អង្គ ក្នុង១អង្គៗប្រគេន បច្ច័យ១លានរៀល និងរាប់បាត្រព្រះសង្ឃចំនួន ៨៤អង្គ ក្នុងអង្គៗទទួលបាន៖ ចង្ហាន់ចំនួន១ស្រាក់, បង្អែម ចំនួន ១កាតូ, ស្លាដក់ ចំនួន១ស្លាដក់, មីយើង ចំនួន ១កេស, ថវិកាចំនួន៥ ម៉ឺនរៀល ។ទន្ទឹមនឹងនោះ ព្រះសង្ឃ៨៤អង្គ ក្នុងមួយអង្គៗទទួលបច្ច័យ ១.០០០,០០០រៀលបន្ថែម ពីសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ៕