(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ពីប្រទេសតាជីគីស្ថាន ទីកន្លែងដែលសម្តេចអញ្ជើញចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ី, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតាមរយៈ Facebook បានបង្ហោះសារបញ្ជាក់ឲ្យដឹងថា នៅម៉ោងប្រហែល៥ល្ងាចថ្ងៃនេះ សម្តេច និងគណៈប្រតិភូជាន់ខ្ពស់ នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។

ជាមួយគ្នានេះ ក្នុងឱកាសថ្ងៃចុងសប្តាហ៍នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរជនរួមជាតិឲ្យជួបប្រទះតែសេចក្តី សុខចំរើនគ្រប់ក្រុមគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «នៅជាង៣ម៉ោងទៀតខ្ញុំ នឹងដឹកនាំប្រតិភូធ្វើមាតុភូមិនិវត្តន៍ទៅកាន់កម្ពុជាយើងវិញ ដែលយន្តហោះគ្រោងចុះចតនៅម៉ោង៥ល្ងាចម៉ោងនៅភ្នំពេញ។ ជូនពរបងប្អូនជនរួមជាតិជួបតែ សេចក្តីសុខសេចក្តីចំរើន»។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចទៅប្រទេសហុងគ្រី រយៈពេល២ថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា ហើយនៅថ្ងៃទី១៤ ខែមិថុនា សម្តចតេជោ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសហុងគ្រី ទៅចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ី នៅប្រទេសតាជីគីស្ថាន។

សមិទ្ធផលជូនជាតិជាច្រើន ដូចជាការពង្រឹកទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវិស័យមួយចំនួនទៀត ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រេចបានក្នុងដំណើរទស្សកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសទាំង២នេះ៕