(ភ្នំពេញ)៖ ដោយមើលឃើញនូវការប្រើប្រាស់ស៊ីក្លូជាមធ្យោបាយធ្វើដំណើរមានការធ្លាក់ចុះខ្លាំង ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជនមួយចំនួន បានសហការគ្នារៀបចំឱ្យមានព្រឹត្តិការណ៍ «ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩» ក្នុងគោលបំណងបំផុសការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍ សំដៅចូលរួមលើកស្ទួយជីវភាពអ្នកធាក់ស៊ីក្លូ និងបង្កើតផលិតទេសចរណ៍ថ្មីជូនភ្ញៀវទេសចរផងដែរ។

ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សាលារាជធានីភ្នំពេញ និងដៃគូសហការមួយចំនួនទៀត ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍នេះ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ២២-២៣ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅសួនព្រះនាងប្រាជ្ញាបរមី (ជិតសណ្ឋាគារ៉េស៊ីដង់សុខាភ្នំពេញ)។

នៅក្នុងសន្និសីទសារព័ត៌មាននៅអគារ Diamond Twin Tower កោះពេជ្រ នារសៀលថ្ងៃទី១៥ ខែមិថុនានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា នេះជាលើកទី៣ហើយ សម្រាប់ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូ ដែលការប្រណាំងស៊ីក្លូលើកចុងក្រោយ គឺធ្វើឡើងតាំងពីឆ្នាំ១៩៩៥។

លោកស្រីប្រធានសមាគមបានបន្តថា ដោយយោងតាមការស្រង់ស្ថិតិរបស់សមាគមអភិរក្សស៊ីក្លូ បានបង្ហាញថា កាលពីទសវត្សទី៩០ ចំនួនស៊ីក្លូនៅកម្ពុជាមានប្រមាណ ១,០០០គ្រឿង ក៏ប៉ុន្តែចំនួនតួនាពេលបច្ចុប្បន្នមានប្រហែល ៤០០គ្រឿងប៉ុណ្ណោះ។ ការធ្លាក់ចុះនេះបណ្តាលមកពីបាត់បង់ប្រជាប្រិយភាពនៃការប្រើប្រាស់ស៊ីក្លូក្នុងសង្គមខ្មែរ នាពេលបច្ចុប្បន្ន ទើបបណ្តាលឲ្យអ្នកធាក់ស៊ីក្លូជាច្រើនសម្រេចចិត្តផ្លាស់ប្តូរមុខរបរ និងមួយចំនួនទៀតចូលនិវត្តន៍ ដោយសារមានវ័យចំណាស់មិនអាចប្រកបមុខរបរនេះបន្តទៀត។

ប្រធានសមាគម CATA រូបនេះ បានបញ្ជាក់ថា «ដោយមើលបញ្ហាប្រឈមនេះហើយ ទើបជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ២០១៩ នេះឡើង ក្នុងគោលបំណងបង្កើនប្រជាប្រិយភាព បង្កើនការប្រើប្រាស់ស៊ីក្លូ និងចំណូលដល់អ្នកធាក់ស៊ីក្លូ ដើម្បីគាំពារដល់មុខរបរធាក់ស៊ីក្លូកុំឲ្យបាត់បង់ តាមរយៈការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍»។

លោកស្រី ឆាយ ស៊ីវលីន បានបន្តទៀតថា ការរៀបចំព្រឹត្តិការណ៍នេះឡើង ក៏ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
ជាពិសេសការសហការជាមួយក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញពង្រីកគោលដៅទេសចរណ៍នានានៅកម្ពុជា និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យទេសចរណ៍ និងទទួលបានព័ត៌មានថ្មីៗក្នុងវិស័យទេសចរណ៍។

លោក អ៉ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ បានឱ្យដឹងថា សមាសភាពស៊ីក្លូដែលនឹងរៀបចំនៅក្នុងការប្រណាំង នាថ្ងៃទី២៣ ខែមិថុនានេះមានចំនួន ១៣៦ស៊ីក្លូ ចែកចេញជា ៦៨គូ ក្នុងនោះមានអ្នកធាក់ស៊ីក្លូវចូលរួមចំនួន ១៧៨នាក់។

សមាគម CATA និងសមាគមអភិរក្សស៊ីក្លូ ក៏បានប្រកាសអំពាវនាវដល់អង្គភាព ស្ថាប័ន ក្រុមហ៊ុនដៃគូនានា សប្បុរសជន ប្រជាពលរដ្ឋ យុវជន និងផ្នែកពាក់ព័ន្ធនានា សូមចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍នេះឱ្យបានច្រើនកុះករ ពិសេសសូមចូលរួមបរិច្ចាគនូវថវិកា សម្លៀកបំពាក់ គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់នានាជូនដល់អ្នកធាក់ស៊ីក្លូ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

លោកស្រី ឆាយ ស៊ីវលីន និងលោក អ៉ឹម សម្បត្តិ បានបញ្ជាក់ដែរថា អ្នកចូលរួមទាំងអស់ក៏អាចទស្សនា និងកម្សាន្តជាមួយសកម្មភាពជាច្រើនទៀត ដូចជា ការជិះស៊ីកូកម្សាន្តក្នុងបរិវេណសួនព្រះនាងប្រាជ្ញាបរមី ការទស្សនាបង្ហាញពីប្រវត្តិ និងរបៀបនៃការបង្កើតស៊ីតូ ព្រមជាមួយការលក់ម្ហូបអាហារ និងភេសជ្ជៈនានាជាច្រើន។ មិនតែប៉ុណ្ណោះ ក៏មានការប្រគុំតន្ត្រី Acoustic ផ្ទាល់ជាមួយនឹងការតុបតែងតាមបែបជនបទយ៉ាងពិសេសទៀតផង៕