(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងអនុរដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយ សាធារណរដ្ឋប្រជាមានិតចិន លោក Hu Wei បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីសុខភាពឆ្លងព្រំដែន និងចត្តាឡីស័ក រវាងប្រទេសទាំងពីរ ។

ការចុះហត្ថលេខាខាងលើនេះ បានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧៖៣០នាទីល្ងាច នាទីស្តីការក្រសួងសុខាភិបាល ។

កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងយន្តការសហប្រតិបត្តិការទ្វេភាគី ផ្នែកចត្តាឡីស័ក ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ឆ្លងកាត់ព្រំដែន បង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការសុខភាពព្រំដែន និងចត្តាឡីស័ក ព្រមទាំងពង្រឹងការយោគយល់ និងទំនុកចិត្តគ្នាទៅវិញទៅមក ផ្អែកលើកាតព្វកិច្ចនិយ័តកម្មសុខភាពអន្តរជាតិ (IHR ២០០៥) នៃអង្គការសុខភាពពិភពលោក (WHO) និងច្បាប់ និងបទប្បញ្ញត្តិជាធរមាននានា ពាក់ព័ន្ធនឹងសុខភាព
តាមព្រំដែន និងចត្តាឡីស័ករបស់ប្រទេសទាំងពីរ។

ភាគីទាំងពីរ បានឯកភាពគ្នា អនុវត្តសកម្មភាពសហប្រតិបត្តិការសំខាន់ៗដូចជា៖

* ជូនដំណឹងទៅវិញទៅមក អំពីបទប្បញ្ញត្តិ និងតម្រូវការពាក់ព័ន្ធទាក់នឹងសុខភាពកំពង់ផែ និងចត្តាឡីស័ក
* ជូនដំណឹងទៅវិញទៅមក អំពីព័ត៌មាន ដែលទាក់ទងទៅនឹងជំងឺឆ្លង
* បង្កើតយន្តការសហប្រតិបត្តិការ សម្រាប់ដោះស្រាយបញ្ហាសង្គ្រោះបន្ទាន់ ផ្នែកសុខភាពសាធារណៈ
* បង្កើតយន្តការទទួលស្គាល់គ្នាទៅវិញទៅ មកលើវិញ្ញាបនបត្រសុខភាព និងចត្តាឡីស័ក
* រៀបចំកិច្ចប្រជុំទ្វេភាគី ជាទៀងទាត់
* ធ្វើការផ្លាស់ប្តូរបុគ្គលិក និងបណ្តុះបណ្តាល និង
* រៀបចំសកម្មភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការ ដែលបានព្រមព្រៀងដោយគូភាគី។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ភាគីចិន ដែលតែងតែផ្តល់ការគាំទ្រ ដល់ក្រសួងសុខាភិបាលកម្ពុជា និងបានស្នើសុំឱ្យភាគីចិន បន្តការគាំទ្រ ដល់គម្រោងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីសាមគ្គីភាព និងមិត្តភាព ស្របតាមយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ៕