(ឌូសាន់បេ, តាជីគីស្ថាន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក តាយយីប អ៊ែរដូហ្កាន (Recep Tayyip Erdoğan) ប្រធានាធិបតីតួកគី បានបង្ហាញបំណងដូចគ្នាចង់ឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីកើនឡើងដល់ ១ពាន់លានដុល្លារអាមេរិក ខណៈពេលបច្ចុប្បន្នមានត្រឹមប្រមាណ ៩១លានដុល្លារប៉ុណ្ណោះ។

បំណងរួមគ្នាចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា និងតួកគីរីកធំធាត់នេះ ត្រូវបានស្តែងឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែរដូហ្កាន នៅតាជីគីស្ថាន ទីកន្លែងដែលមេដឹកនាំប្រទេសទាំងពីអញ្ជើញចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ីលើកទី៥ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ។

ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យសម្រេចបានតាមការចង់ប៉ុនប៉ងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកជាគំនិតឱ្យរៀបចំបញ្ជីទំនិញ​ដែលអាចនាំចេញ​នាំចូលរវាងប្រទេសទាំងពីរ ពោលតើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន?

ដោយឡែកលោកប្រធានាធិបតីតួកគី បានលើកជាគំនិតឱ្យជំរុញអ្នកវិនិយោគ និងពាណិជ្ជករតួកគី និងកម្ពុជា រកស៊ីជាមួយគ្នាឱ្យកាន់តែច្រើន។

ក្នុងជំនួបនេះក្រៅពីជជែកលើការបង្កើនទំហំពាណិជ្ជកម្មហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែរដូហ្កាន ក៏បានពិភាក្សាលើការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ជាពិសេសការរៀបចំនូវពិធីផ្សេងៗ ដើម្បីអបអរសាទរដល់ចំណងការទូត៦០ឆ្នាំនៃប្រទេសទាំងពីរ។

ពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងតួកគីនេះ សម្តេចតេជោ ហ៊ុន សែន ចង់អញ្ជើញរដ្ឋមន្ត្រីការបរទេសតួកគីមកបំពេញទស្សនកិច្ច​នៅកម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាព និងសមិទ្ធផលការងារដែលបានធ្វើនាពេលកន្លងទៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីរំពឹងផងដែរថា លោកប្រធានា​ធិបតីតួកគី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខក្នុងពេលវេលាសមស្របណាមួយ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្វាគមន៍ចំពោះការតែងតាំងសហប្រធាននៃគណៈកម្មការចម្រុះនៃប្រទេសទាំងពីរផងដែរ។

ក្នុងជំនួបពិភាក្សានេះសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីតួកគី បានជជែកពិភាក្សាលើការងារទំនាក់ទំនងរវាងតួកគីជាមួយអាស៊ានផងដែរ។

លោកប្រធានាធិបតីតួកគីបានថ្លែងថា បច្ចុប្បន្នតួកគីឱ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយប្រទេសតួកគី ក៏ចង់ប្រែក្លាយជាប្រទេស​ដៃគូសន្ទនាតាម​វិស័យជាមួយអាស៊ាន ទៅជាដៃគូសន្ទនាគ្រប់ជ្រុងជ្រោយ។ ចំពោះការស្នើសុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រ ហើយបានសន្យាធ្វើការជាមួយ​ប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីគាំទ្រលើកកម្ពស់ដៃគូរបស់តួកគីជាមួយអាស៊ាននេះ៕