(ឧត្តរមានជ័យ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា ទិវាមច្ឆជាតិ ដែលឆ្នាំនេះក្រសួងគ្រោងនឹងប្រារព្វនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅទីរួមខេត្តឧត្តមានជ័យ ដោយគ្រោងលែងកូនត្រីគ្រប់ប្រភេទ កូនបង្កង និងសត្វល្មូនមួយចំនួនទៀតសរុបជាង១លានកូន ក្នុងបឹងធម្មជា «បឹងស្មោរ» ដែលមានផ្ទៃក្រឡាជាង១០០ហិកតា នៅមុខសាលាខេត្តឧត្តរមានជ័យ។

ដើម្បីរៀបចំប្រារព្ធទិវាមច្ឆជាតិ ឆ្នាំនេះប្រព្រឹត្តដោយរលូននោះ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ លោក វេង សាខុន បានដឹកនាំសហការីចុះពិនិត្យទីតាំងត្រៀមរៀបចំទិវាមច្ឆាជាតិ នៅបរិវេណបឹងស្នោរ មុខសាលាខេត្តឧត្តរមានជ័យ។ ក្នុងពិធីចុះពិនិត្យទីតាំងនោះ ក៏មានការអញ្ជើញចូលរួមពីលោក ឃិន ញ៉ាន អភិបាលរងខេត្តឧត្តរមានជ័យ និងរួមទាំងមន្រ្តីនៃមន្ទីរកសិកម្មខេត្តផងដែរ។

តាមការគ្រោងទុក ទិវាមច្ឆជាតិ ឆ្នាំនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ។

បន្ទាប់ពីបានពិនិត្យទីតាំងរៀបចំរួចមក លោករដ្ឋមន្ត្រីស្នើឲ្យក្រុមការងារខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យគម្រោងរៀបចំទិវានេះ រួចរាល់សព្វគ្រប់បានទាន់ពេលវេលា ដូចកាលបរិច្ឆេទ។ ដើម្បីបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម លោកបានណែនាំឲ្យរដ្ឋបានជលផលថ្នាក់កណ្តាលខេត្ត រៀបចំទិវាមច្ចជាតិ ឲ្យបានគ្រប់ខេត្តប្រយោជន៍ ដើម្បីផ្សព្វផ្សាយពូជត្រីមួយចំនួន ដែលជិតផុតពូជបង្កើនផលចាប់ពីប្រភពធម្មជាតិ និងរួមគ្នាថែរក្សា ការពារ និងអភិរក្សមច្ចជាតិយើង ឲ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់កូនខ្មែរជំនាន់ក្រោយ។

បន្ទាប់ពីបញ្ចប់ការចុះពិនិត្យទីតាំងរៀបចំទិវាមច្ឆជាតិ លោករដ្ឋមន្ត្រី និងសហការីបានបន្តមក ពិនិត្យស្ថានីយពិសោធន៍ស្រាវជ្រាវ កសិកម្មកូនគ្រៀល។

លោកប្រធានមន្ទីរបានជម្រាបជូន លោករដ្ឋមន្ត្រីជ្រាបថា បច្ចុប្បន្នស្ថានីយបានដាំដំណាំចម្រុះមានបន្លែ ឈើហូបផ្លៃ ឬស្សីយកទំពាំង និងចិញ្ចឹមសត្វផងដែរមានគោ មាន់ និងទា នៅលើផ្ទៃដី ១៦៧ហិកតា។ មន្ទីរបានរៀបចំហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ អគាររដ្ឋបាល ថ្នាលពិសោធន៍ រោងដាំបន្លែ និងជីកស្រះទឹកចិញ្ចឹមត្រី។ល។

ក្រោយពីបានចុះពិនិត្យស្ថានីយរួច ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរ មន្រ្តីគ្រប់ជាន់ថ្នាក់ដែលបានលះបង់ តស៊ូ ខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុស ត្រូវថែរក្សាការពារដីស្ថានីយ បាននៅគង់វង្សដែលជាសម្បត្តិរបស់រដ្ឋ ទុកជាប្រយោជន៍សម្រាប់ធ្វើការពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយពីពូជដំណាំ បន្ថែ ត្រី និងសត្វ និងបច្ចេកទេសកសិកម្មទាន់សម័យដល់អ្នកផលិត ដើម្បីអភិវឌ្ឍវិស័យមួយនេះ ឲ្យមានការរីកចម្រើនធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងឈានទៅធានាដល់ការផ្គត់ផ្គង់ទីផ្សារទាំងបរិមាណ និងគុណភាព សម្រាប់ធ្វើការកែច្នៃ និងនាំចេញ។

លោករដ្ឋមន្ត្រីបានឲ្យរដ្ឋបាលជលផល ស្វែងរកជំនួយដៃគូជួយឧបត្ថម្ភប ង្កើតស្ថានីយបង្កាត់ពូជត្រីដើម្បីផ្សព្វផ្សាយ និងបំផុសឲ្យប្រជាកសិករចិញ្ចឹមត្រី ឲ្យបានច្រើនដើម្បីបង្កើតមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ។ រដ្ឋបាលព្រៃឈើ សហការជាមួយមន្ទីរផ្សព្វផ្សាយ និងដាំឫស្សីយកទំពាំង នៅតាមព្រៃសហគមន៍ ដើម្បីឲ្យពួកគាត់មានការងារធ្វើ មានចំណូល កែប្រែជីវភាព និងកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ។

ដោយតំបន់នេះមានសក្តានុពលសម្រាប់ដាំឈើប្រេងខ្យល់ពូជ G9 និង G29 លោកបានណែនាំឲ្យរដ្ឋបាលព្រៃឈើ សហការជាមួយមន្ទីរដាំសាកល្បងឈើប្រភេទនេះ ព្រោះវាអាចផ្តល់ផលបានយ៉ាងល្អ សម្រាប់ផ្គត់ផ្គង់ឲ្យសិប្បកម្មកែច្នៃក្តាបន្ទះ និងគ្រឿងសង្ហារឹមផ្សេងៗទៀត។ មន្ទីរត្រូវសហការជា មួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ដើម្បីការពារដីស្ថានីយ និងព្រៃធម្មជាតិនៅជុំវិញឲ្យ បានស្ថិតស្ថេរគង់វង្សទុកជាសម្បត្តិរដ្ឋ៕