(ភ្នំពេញ)៖ ដោយមើលឃើញថាសន្ទុះទឹកចិត្ត នៃការនិយមអានរបស់មហាជនកាន់តែកើនឡើង និងដើម្បីលើកស្ទួយវិស័យអំណាននៅកម្ពុជា ឱ្យកាន់តែទូលំទូលាយនោះ បណ្ណាល័យដ៏ល្អប្រណីត ម៉េងលី ជេ. គួច នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គ្រប់សាខាទាំងអស់ត្រូវបានបើកទ្វារចំហរ ដើម្បីបម្រើសេចក្តីត្រូវការរបស់មិត្តអ្នកអាន គ្រប់ស្រទាប់វណ្ណៈដោយឥតគិតថ្លៃ។

លោកឧកញ៉ា គួច ម៉េងលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ម៉េងលី ជេ.គួច បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះថា ក្រៅពីការអានសៀវភៅ ប្រិយមិត្តទាំងអស់ក៏អាចប្រើប្រាស់កុំព្យូរទ័រ, Wifi និង Internet នៅបណ្ណាល័យម៉េងលី ជេ. គួច គ្រប់សាខាដោយឥតគិតថ្លៃផងដែរ។

លោកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់ថា បណ្ណាល័យម៉េងលី ជេ. គួច គ្រប់សាខាទាំងអស់តែងតែអនុញ្ញាត ឲ្យពលរដ្ឋប្រើប្រាស់ដោយសេរី ហេតុនេះសូមប្រិយមិត្ត ដែលនិយមការអានសៀវភៅ ឬចង់ប្រើប្រាស់កុំព្យួទ័រ ក៏ដូចជា Internet សូមកុំខ្លាចក្នុងការប្រើប្រាស់បណ្ណាល័យទាំងនេះ។ លោកបន្ថែមថា គ្រប់សិស្ស និស្សិត ឬប្រិយមិត្តអ្នកអាន គ្រាន់តែមកសុំពីបណ្ណារក្ស គេនឹងឲ្យកាតបណ្ណាល័យប្រើប្រាស់ដោយសេរី។

បណ្ណាល័យ ម៉េងលី ជេ. គួច នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានបំពាក់ម៉ាស៉ីនត្រជាក់ ប្រកបដោយផាសុកភាពខ្ពស់ ទីធ្លាបរិវេណធំទូលាយ និងផ្ទុកទៅដោយសៀវភៅសម្រាប់អាន ជាភាសាចិន អង់គ្លេស និងភាសាខ្មែរ ដែលមានសារប្រយោជន៍ ជាច្រើនប្រភេទប្រមាណ២០០០ក្បាល។ ក្រៅពីមានកន្លែងសម្រាប់អាន ដ៏ល្អឥតខ្ចោះ និងផាសុកភាព បណ្ណាល័យនេះ ក៏ជាបណ្ណាល័យទំនើបដំបូងគេ ដែលមានបំពាក់កុំព្យូទ័រសម្រាប់មិត្តអ្នកអាន អ្នកស្រាវជ្រាវ ដែលនិយមការអានតាមអនឡាញ ឬអេឡិចត្រូនិកផងដែរ។

លោកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានគ្រប់ទាំងអស់ តែពលរដ្ឋខ្មែរយើងគាត់មិនហ៊ានចូល ឲ្យតែឃើញទំនើបដឹងតែខ្លាច។ ខ្ញុំសង្ឃឹមថាមានអ្នកមកប្រើប្រាស់ ស្រាវជ្រាវច្រើន»

លោកបន្តថា «បណ្ណាល័យម៉េងលី ជេ. គួច សាខាម៉ៅសេទុងមាន៤, សាខាទួលគោកមាន២, នៅផ្សារថ្មីមាន១, ចោមចៅមាន១, និងជ្រោយចង្វារក៏ជិតមានទៀតដែរ»

បណ្ណាល័យម៉េងលី ជេ. គួច បង្កើតឡើងក្នុងបំណងផ្តល់ឱកាសឱ្យសិស្សានុសិស្ស ឬមិត្តអ្នកអាន ដែលលំនៅឆ្ងាយពីទីប្រជុំ ឱ្យចូលមកអានបានដោយងាយ ហើយមិត្តអ្នកអាន សិស្សានុសិស្ស ក៏អាចនឹងមើកឃើញពីសោភណ្ឌភាព ប្រណីតភាព និងគុណភាព ប្រសិទ្ធភាព នៃការរៀបចំរបស់អ្នកគ្រប់គ្រងនៅទីថែមទៀតផង។

ឧកញ៉ា គួច ម៉េងលី បានឲ្យដឹងថា នាពេលឆាប់ៗខាងមុខ បណ្ណាល័យនឹងបន្តនាំយកនូវសៀវភៅល្អៗ ថ្មីៗទាន់សម័យកាលជាច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការដល់សិស្សនុសិស្ស និងសាធារណៈជនទូទៅ ដែលនិយមការអាន៕