(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Eldeen Hussaini Bin Mohd Hashim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នាវិមានសន្ដិភាព។

ក្នុងជំនួបនេះ ក៏មានការពិភាក្សារវាងទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ និងលោកឯកអគ្គរាជទូត ក៏បានផ្ដោតទៅលើ ជុំវិញដំណើរទស្សនកិច្ចរបស់លោក មូហាធៀ មូហាម៉េត នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី មកកាន់ព្រះរាជាណាចក្រប្រកម្ពុជា នៅខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

លើសពិនេះ កិច្ចពិភាក្សាផ្តោតទៅលើបីចំណុចសំខាន់ៗ រួមមាន កិច្ចសហការប្រតិបត្តិការលើកកិច្ចការមនុស្សធម៌រវាងប្រទេសទាំងពីរ, ជំរុញរាល់ការងារ បច្ចេកទេសហាឡាល ដែលប្រតិភូម៉ាលេស៊ី ក្នុងនាមរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបានហាឡាលស្តង់ដា ដូចជាប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសហប្រតិបត្តិការរបស់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងជំរុញលើអាហាររូបករណ៍ជាពិសេស សម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា ឲ្យមានការកើនឡើងពីមួយឆ្នាំទៅឆ្នាំ។

ជាថ្មីម្តងទៀត ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសំណូមពរដល់ឯកអគ្គរាជទូត លោក Eldeen Hussaini ធ្វើយ៉ាងណាបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលប្រទេសទាំងពីរ បានធ្វើជាមួយគ្នាកន្លងមក ឲ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនបន្តទៅទៀត។

គួរម្រាបថា ឯកអគ្គរាជទូតថ្មីរូបនេះ ត្រូវបានព្រះករុណា ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន អនុញ្ញាតឲ្យចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩៕