(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រគល់ថវិកាមូលនិធិមហាគ្រួសារអាវុធហត្ថទូទាំងប្រទេសជាង ៣១លានរៀល ជូនគ្រួសារសពអាវុធហត្ថដែលទទួលមរណភាព។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា តែងតែយកចិត្តទុកដាក់ជានិច្ច ដល់មន្ដ្រីអាវុធហត្ថទាំងអស់ ដែលជួបការលំបាក មានជំងឺ និងពលីមរណៈ ទើបថ្ងៃនេះ លោកបាន ប្រគល់ថវិកា ជូនដល់គ្រួសារសពលោកអនុសេនីយ៍ឯក ឃួន សិទ្ធ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។

ថ្លែងក្នុងឱកាសនោះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់គ្រួសារសពមន្ដ្រីអាវុធហត្ថផងដែរ និងចាត់ទុកថា នេះជាការបាត់បង់ធនធានមនុស្សមួយដល់សំខាន់ ក្នុងជួរអាវុធហត្ថ។

លើសពីនេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន ក៏បានលើកទឹកចិត្តដល់គ្រួសារសពលោកអនុសេនីយ៍ឯក ឃួន សិទ្ធ កុំមានការបាក់ទឹកចិត្តអ្វី ព្រោះថា្នក់ដឹកនាំមិនដែលមើលរំលងទុក្ខលំបាកកូនចៅនោះទេ៕