(ភ្នំពេញ)៖ ការងារសំខាន់ៗចំនួន៨ចំណុច ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយរបស់ចិន បានដាក់ចេញអនុវត្តន៍រួមគ្នា ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការលើការងារគយប្រទេសទាំងពីរកាន់តែល្អប្រសើរ។

ការឯកភាពដាក់ចេញនូវការងារសំខាន់ៗទាំង៨ចំណុចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម អគ្គនាយក និងរដ្ឋបាលគយចិន ដឹកនាំដោយលោក Hu Wei អនុរដ្ឋមន្ត្រីីនៃរដ្ឋបាលគយចិន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។ កិច្ចប្រុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ដែលបានចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Li Keqiang នាយករដ្ឋមន្ត្រីចិន នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ក្នុងកិច្ចប្រជុំនោះលោកបណ្ឌិត គុណ ញឹម បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទស្សនកិច្ចរបស់គណៈប្រតិភូគយចិន និងគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនងស្អិតល្មួតជាប្រវត្តិសាស្រ្តទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ បច្ចុប្បន្នប្រទេសចិន ជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយក៏ជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជាផងដែរ។ លើសពីនេះទៀត ប្រទេសចិនក៏ជាប្រទេសដែលផ្តល់ជំនួយហិរញ្ញវត្ថុដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ម៉ាស៊ីនស្កែនកុងតឺន័រចំនួន០៨គ្រឿង ហើយបច្ចុប្បន្នកំពុងប្រើប្រាស់នៅតាមមាត់ច្រកសំខាន់ៗ និងបានក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ក៏ដូចជាចូលរួមជំរុញបន្ថែមទៀតដល់កិច្ចសម្រួលពាណិជ្ជកម្មផងដែរ។

លោក Hu Wei បានលើកឡើងអំពីទំនាក់ទំនង និង ដៃគូជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងយកចិត្តទុកដាក់ខ្ពស់បំផុតលើទំនាក់ទំនងនេះ។

លោក Hu Wei បានបញ្ជាក់ថា ដើម្បីបង្កើនកិច្ចសហប្រតិបត្តការលើគ្រប់វិស័យ ជាពិសេសផ្នែកសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រដ្ឋបាលគយនៃប្រទេសទាំង២ ត្រូវជំរុញកិច្ចសហប្រតិបត្តការឲ្យកាន់តែជិតស្និទ្ធថែមទៀត ហើយអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ គឺជាសក្ខីភាពនៃជំហានថ្មីនៃទំនាក់ទំនងកាន់តែល្អប្រសើររវាងរដ្ឋបាលគយទាំង២។ លោក ក៏បានចែករំលែកបទពិសោធនៃការកែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន ក៏ដូចជាការធ្វើទំនើបកម្មគយផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋបាលគយកម្ពុជា និង រដ្ឋបាលគយសាធារណរដ្ឋប្រជាមានិតចិន បានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តការគយទ្វេភាគី តំបន់ និងពិភពលោក (ក្រោមក្របខណ្ឌអង្គការគយពិភពលោក) ហើយចែករំលែកលទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់និងទំនើបកម្មនៅក្នុងរដ្ឋបាលគយនៃប្រទេសទាំងពីរ និងបានឯកភាពគ្នាលើចំណុចសំខាន់ៗដូចខាងក្រោម៖

១៖ រួមគ្នារៀបចំកាលវិភាគការងារអនុវត្តកិច្ចសហប្រតិបត្តការស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ
២៖ បង្កើតចំណុចទំនាក់ទំនងសម្រាប់ផ្លាស់ប្តូរទិន្នន័យស្ថិតិ និងពត៌មានសម្ងាត់
៣៖ បង្កើតយន្តការរួមគ្នាលើការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធនិងបទល្មើសឆ្លងដែន
៤៖ សហការផ្លាស់ប្តូរព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិចនៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ
៥៖ រដ្ឋបាលគយចិននឹងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីគយកម្ពុជា
៦៖ គយកម្ពុជាត្រៀមខ្លួនចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (BRI)
៧៖ ដើម្បីបង្កើតយន្តការសហប្រតិបត្តការគយក្រោមក្របខ័ណ្ឌ ឡាងឆាង-មេគង្គ រដ្ឋបាលគយចិននឹងរៀបចំសេចក្ដីព្រាង TOR ហើយរដ្ឋបាលគយកម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមនេះ និងត្រៀមខ្លួនផ្ដល់ធាតុចូលលើ TOR នោះ
៨៖ រដ្ឋបាលគយទាំង២នឹងបន្តចូលរួមយ៉ាងសកម្មក្នុងក្នុងគម្រោង «ប្រតិបត្តិការរួមគ្នា» (Joint Operations) ដែលរៀបចំឡើងដោយអង្គការគយពិភពលោក (WCO) ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងការពង្រឹងសន្តិសុខក្នុងតំបន់ និងសកលលោកជាដើម។

ជាកិច្ចបញ្ចប់ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសារៈសំខាន់នៃកិច្ចប្រជុំទ្វេភាគីនេះ ដែលបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនទំនាក់ទំនងកាន់តែជិតស្និទលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយរដ្ឋបាលគយនៃប្រទេសទាំងពីរមានតួនាទី និងភារកិច្ចក្នុងការអនុវត្តគោលនយោបាយនិងកិច្ចព្រមព្រៀងសហប្រតិបត្តការនានា ជាពិសេសពាក់ព័ន្ធនឹងសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់៕