(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ការចូលសិក្សាពីជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីចាប់យកឱកាសការងារល្អៗ ដែលទីផ្សារការងារកំពុងមានសេចក្ដីត្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត សំដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារឱ្យរីកលូតលាស់ឡើង។

ការអំពាវនាវរបស់សម្ដេចតេជោយ៉ាងដូច្នេះ ត្រូវបានបញ្ជាក់ក្នុងសារលិខិតអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» លើកទី២ ក្រោមប្រធានបទ «TVET អាចធ្វើបាន» ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។

ក្នុងសារលិខិតដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មាតាបិតា អាណាព្យាបាល និយោជក កម្មករនិយោជិត ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ និងជនរួមជាតិ ឱ្យចូលរួមអនុវត្តនូវប្រការមួយចំនួនរួមមាន៖

១៖ ចូលរួមបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍមូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីជំរុញលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារដែលមានស្រាប់ សំដៅបន្តទៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

២៖ បន្តចូលរួម និងផ្តល់ការគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឈានទៅសម្រេចបានជោគជ័យនូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែង សម្រាប់ការងារពេញមួយជីវិត។

៣៖ បន្តលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះកូនចៅចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់លាស់អាចចាប់យកឱកាសការងារល្អ ដែលកំពុងរីកចម្រើន និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

៤៖ គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងនូវសារៈសំខាន់វិស័យនេះក្នុងចំណោមសាធារណជន។

៥៖ ដោយឡែក ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី២ ក្រោមប្រធានបទ «TVET អាចធ្វើបាន» នេះ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មាតាបិតា អាណាព្យាបាល និយោជក កម្មករនិយោជិត ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងបងប្អូនជនរួមជាតិទាំងអស់ចូលរួមសហការរៀបចំ និងផ្សព្វផ្សាយទិវាជាតិនេះឲ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេស។

បើតាមប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីដ៏សំខាន់ចាំបាច់ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈ ដែលជាកត្តាកំណត់ក្នុងការលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង និងការទាក់ទាញវិនិយោគ សំដៅបន្តរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ បង្កើតការងារថ្មីកាន់តែល្អ ទទួលបានប្រាក់ចំណូលប្រសើរឡើង និងរស់នៅក្នុងភាពសុខដុមរមនា។

ការដាក់ចេញ និងការអនុវត្តតាមប្រការទាំងអម្បាលម៉ាននេះ គឺមានគោលដៅចូលរួមជាមួយគោលនយោបាយមួយចំនួនទៀតរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបានឋានៈ «កម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០»