(ឡាវ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើឱ្យគយមកពីបណ្តាប្រទេសសមាជិកអាស៊ាន យកចិត្តទុកដាក់ និងទប់ស្កាត់ចំពោះការរត់ពន្ធកាកសំណល់ផ្លាស្ទិកពីបណ្តាប្រទេសអភិវឌ្ឍន៍មកកាន់ប្រទេសសមាជិកអាស៊ាន។

សំណើររបស់លោក គុណ ញឹម បានធ្វើឡើងក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨ ដែលធ្វើឡើងនៅទីក្រុងវៀងចន្ទ ប្រទេសឡាវ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។ កិច្ចប្រជុំនេះ បានប្រារព្ធបើកក្រោមអធីបតីភាពរបស់លោកស្រី Thipphakone Chanthavongsa អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ និងដឹកនាំប្រជុំដោយលោក Bounpaseuth Sikounlabout អគ្គនាយកស្តីទីនៃរដ្ឋបាលគយឡាវ និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូគយនៃប្រទេសអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកស្រី Thipphakone Chanthavongsa បានកត់សម្គាល់ថា ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានកាលពីឆ្នាំ២០១៨ បានប្រែក្លាយប្រទេសសមាជិកអាស៊ានទាំងអស់ជាទីផ្សារ និងមណ្ឌលផលិតកម្មតែមួយ ដែលបានជំរុញពាណិជ្ជកម្មក្នុងតំបន់ និងកាត់បន្ថយហនិភ័យពីតំបន់ខាងក្រៅ។

លោកស្រី បានគូសរំលេចផងដែរថា កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨ គឺជាវេទិការមួយសម្រាប់តាមដានវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមនានា ក្រោមការទទួលខុសត្រូវរបស់រដ្ឋបាលគយអាស៊ាន ក្នុងគោលបំណងបង្កើនតម្លាភាព និងភាពអាចទាយទុកជាមុនបាននៃការអនុវត្តនីតិវិធីគយ និងសំដៅបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយតម្លៃធុរកិច្ចក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។

ក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត គុណ ញឹម ក៏បានលើកឡើងនូវបញ្ហាមួយចំនួនដែលក្រុមការងារគយអាស៊ាន ត្រូវយកចិត្តទុកដាក់បន្ថែម និងលើកជាសកម្មភាពការងារ ដើម្បីឆ្លើយតបនឹងលើបញ្ហាប្រឈមថ្មីៗ។ បញ្ហាប្រឈមដែលលោក គុណ ញឹម ស្នើឱ្យគយអាស៊ានមានការយកចិត្តទុកដាក់បន្ថែមនោះ មានដូចជាការកើនឡើងអំពើរត់ពន្ធគ្រឿងញៀន និងសត្វព្រៃខុសច្បាប់ ការរត់ពន្ធកាកសំណល់ផ្លាស្ទិកពីបណ្តាប្រទេសអភិវឌ្ឍន៍មកក្នុងអាស៊ាន និងការគំរាមកំហែងភេរវកម្មថ្មីៗនៅក្នុងតំបន់ជាដើម។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨នេះ បានសម្រេចលើការងារសំខាន់ៗមួយចំនួនដូចជា៖

១៖ កត់សម្គាល់ការចូលជាធរមានពិធីសារទី៧ និងជម្រុញដល់ប្រទេសសមាជិកអាស៊ានពន្លឿនការផ្តល់សច្ចាប័នលើពិធីសារទី២ នៃក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់

២៖ បង្កើតអនុក្រុមការងារសិក្សាពីការកសាងកិច្ចព្រមព្រៀងអាស៊ានស្តីពីការទទួលស្គាល់កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាតទៅវិញទៅមក

៣៖ លើកទឹកចិត្តដល់រដ្ឋបាលគយប្រទេសអាស៊ានទាំងអស់ឲ្យបន្តសហការជាមួយស្ថាប័ននិងភាគីពាក់ព័ន្ធក្នុងការកសាងតារាងពន្ធគយអាស៊ាន ២០២២

៤៖ ស្វាគមន៏ចំពោះវឌ្ឍភាពល្អនៃការជម្រុញការអនុវត្តច្បាប់ដោយរដ្ឋបាលគយប្រទេសអាស៊ាននិងបានគួសបញ្ជាក់នូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ

៥៖ ឯកភាពឲ្យក្រុមការងារគយអាស៊ានចាប់ផ្តើមរៀបចំកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនគយឆ្នាំ ២០២១-២០២៥

៦៖ ស្វាគមន៏ចំពោះវឌ្ឍនភាពការកសាងប្រព័ន្ធបញ្ជរតែមួយអាស៊ាន និងបានជម្រុញគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ឲ្យអនុវត្តការផ្លាស់ប្តូរវិញ្ញបនបត្រប្រភពទំនិញក្នុងទម្រង់អេឡិកត្រូនិកឲ្យបានសម្រេចត្រឹមដំណាច់ឆ្នាំ ២០១៩ ។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨ ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូរដ្ឋបាលគយអូស្រ្តាលី, ចិន, ជប៉ុន កូរ៉េ និងអង្គការគយពិភពលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឺងការងារគយនិងបានពិគ្រោះយោបល់ជាមួយតំណាងវិស័យឯកជនសំខាន់ៗចំនួនពីររួមមាន៖ ១) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និង២) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ក្នុងគោលបំណងពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងរដ្ឋបាលគយនិងវិស័យឯកជន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម។

ក្នុងឱកាសចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨នេះ គណៈប្រតិភូគយ និងរដ្ឋាករកម្ពុជា បានប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលគយជប៉ុនផងដែរ។ ក្នុងកិច្ចប្រជុំនោះលោកបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណប្រទេសជប៉ុនដែលបានផ្តល់ជំនួយបច្ចេកទេសលើការកសាងសមត្ថភាពមន្ត្រីគយទាំងក្នុងក្របខណ្ឌអាស៊ាន និងទ្វេភាគី ព្រមទាំងបានស្នើដល់រដ្ឋបាលគយនៃប្រទេសជប៉ុនឲ្យបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែមទៀតរដល់រដ្ឋបាលគយនៃប្រទេសសមាជិកអាស៊ាន ។

គណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រជុំទ្វេភាគីជាមួយអង្គការគយពិភពលោកដឹកនាំដោយលោកអគ្គលេខាធិការរង Ricardo TREVINO ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអង្គការគយពិភពលោក, និង ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប ដើម្បីធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពថ្មីៗនៃវិធានការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលសំដៅគាំទ្រ និងលើកស្ទួយវិស័យឯកជន ព្រមទាំងជម្រាបជួនវិស័យឯកជនអំពីលទ្ធផលនៃការអនុវត្កម្មវិធីកែទម្រង់និងទំនើបកម្មគយផងដែរ៕