(សៀមរាប)៖ គណៈប្រតិភូថ្នាក់រដ្ឋមន្រ្តី មន្រ្តីព័ត៌មាន អ្នកសារព័ត៌ជាតិ និងអន្តជាតិ សរុបប្រមាណ៤០០នាក់ ដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក ក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ នៅក្រុងសៀមរាប-អង្គរ នៅរសៀលថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញធ្វើទស្សនកិច្ច នៅសារមន្ទីរសន្តិភាពមីនកម្ពុជា (Peace Musuem of Mine Action)។

គណៈប្រតិភូដឹកនាំដោយលោក Fayyaz Shehryar ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) រួមជាមួយនឹងលោក លោកស្រី ថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីព័ត៌មាន អ្នកសារព័ត៌ជាតិ អន្តជាតិ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។

ក្នុងឱកាសទស្សកិច្ចនោះ គណៈប្រតិភូបានសិក្សាស្វែងយល់ពីប្រវត្តិសង្គ្រាមនៅកម្ពុជា និងសកម្មភាពការងារបោសសម្អាតមីន ក៏ដូចជាការតាំងបង្ហាញសកម្មភាពប្រតិបត្តិការមួយចំនួន។

សូមជម្រាបថា សន្និសីទកំពូលសារព័ត៌មានអាស៊ី (AMS) លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ ដោយភាគីពាក់ព័ន្ធបានចេញសេចក្តីថ្លែងការណ៍រួម៦ចំណុច ដោយផ្តោតសំខាន់លើការរួមគ្នាប្រឆាំងព័ត៌មានក្លែងបន្លំ ក្នុងយុគសម័យឌីជីថល៕