(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ សម្រាប់អាណត្តិទី៣ នាសាលប្រជុំធំរបស់សាលាខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

នាឱកាសនោះ លោក សាយ សំអាល់ បានធ្វើការកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ របស់សមាជិកក្រុមប្រឹក្សាខេត្ត ដែលអង្គបោះឆ្នោត បានបោះឆ្នោតគាំទ្រ ក្នុងអាណត្តិទី៣ ប្រកបដោយជោគជ័យ កាលពីពេលថ្មីៗនេះ។

ត្រង់ចំណុចនេះ រដ្ឋមន្ដ្រី សាយ សំអាល់ ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិថ្មីនេះ ឲ្យបន្តសកម្មភាពការងាររបស់ខ្លួន ឲ្យបានល្អថែមទៀត ដើម្បីចូលរួមចំណែកជំរុញឲ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនឲ្យបានច្រើនថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយស្មើភាព និងមានយុត្តិធម៌សម្រាប់ទាំងអស់គ្នា។

លោក សាយ សំអាល់ ឲ្យដឹងបន្តថា ថ្ងៃនេះជាថ្ងៃបើកទំព័រថ្មីសម្រាប់ខេត្តព្រះសីហនុ ព្រោះបានបង្កើនសមត្ថភាពទទួលបានកំណើនសេដ្ឋកិច្ច៧ភាគរយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ លោករដ្ឋមន្ត្រីបន្តថា ខេត្តព្រះសីហនុ ក៏ដូចជារដ្ឋាភិបាល នឹងបន្តរក្សាកំណើនសេដ្ឋកិច្ច មានភាពប្រសើរជាបន្តទៀត នាបណ្តាឆ្នាំខាងមុខៗ។

ផ្តើមពីបញ្ហានេះ លោក សាយ សំអាល់ មានជំនឿថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣នេះ នឹងក្លាយជាតំណាងពិតប្រាកដរបស់ប្រជាពលរដ្ឋ ហើយបន្តសកម្មភាពការងារចូលរួមដោះស្រាយ នូវកង្វល់ផ្សេងៗជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព មានយុត្តិធម៌ និងមានប្រសិទ្ធភាពខ្ពស់។

លោក សាយ សំអាល់ ឲ្យដឹងដូច្នេះ រួចបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចធំជាងគេ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ របស់ប្រទេសកម្ពុជា រួមមាន៖ រាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។

លោករដ្ឋមន្ត្រីបន្តថា តាមយុទ្ធសាស្ត្រ ដែកបានកំណត់គឺ ទី១៖ ខេត្តព្រះសីហនុ បានបង្កើនកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៧ភាគរយ និងទី២៖ បានបង្កើនការងារជូនប្រជាពលរដ្ឋ ជាពិសេសយុវជន អាចរកប្រាក់ចំណូលប្រចាំខែខ្ពស់។

យ៉ាងណាក៏ដោយចុះ លោក សាយ សំអាល់ បានបញ្ជាក់ថា ទន្ទឹមនឹងការវិវឌ្ឍរីកចម្រើន របស់រដ្ឋបាលខេត្តព្រះសីហនុ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវឲ្យផ្នែកពាក់ព័ន្ធ រួមគ្នាវដោះស្រាយជាបន្ទាន់ផងដែរ មានដូចជា៖ ស្ថាបនាបន្ថែមនូវប្រព័ន្ធលូ បង្ហូរទឹកភ្លៀង, បញ្ហាគ្រប់គ្រងទឹកកខ្វក់ ឬទឹកស្អុយមិនទាន់បានល្អ, បញ្ហាខ្វះទឹកស្អាតប្រើប្រាស់, បញ្ហាផ្លូវថ្នល់មុនទាន់ធានាគុណភាពឲ្យបានល្អជាដើម។

ព្រមជាមួយគ្នានេះ លោក សាយ សំអាល់ ក៏បានសំណូមពរដល់កងកម្លាំងមានសមត្ថកិច្ច ឲ្យបន្តពង្រឹងសកម្មភាពការងាររក្សាសន្តិសុខ សុវត្ថិភាពសាធារណៈ ដើម្បីធានាសន្តិសុខជូនប្ជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេស ឲ្យបានច្រើនថែមទៀត។ បន្ថែមលើនេះ ក៏ត្រូវចូលរួមលើកកម្ពស់ លើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួល និងឆាប់រហ័ស ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឲ្យក្លាយជាខេត្តអន្តរជាតិ នារទិសនារតី។

នៅក្នុងពិធីនោះដែរ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ក៏បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចព្រះបរមនាថ នរោត្ដម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ត្រាស់ បង្កាប់ទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុចំនួន ១៩រូប សម្រាប់អាណត្តិទី៣នេះ។

តាងនាមឲ្យសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក ជាម ហ៊ីម បានឡើងប្តេជ្ញាចិត្តថា៖

ទី១៖ ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្តព្រះសីហនុ ប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានជាធរមាន អនុវត្តគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ឲ្យបានជោគជ័យ។

ទី២៖ ខិតខំពង្រឹងរដ្ឋបាលឯកភាពខេត្ត ដើម្បីធ្វើឲ្យរដ្ឋបាលនេះ មានម្ចាស់ការ ក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិសម្របសម្រួលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច។

ទី៣៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងល្អ ជាមួយក្រសួង ស្ថាប័ន មន្ទីរ ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្ម លើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែកជំរុញដល់ការងារអភិវឌ្ឍសង្គមជាតិ សេដ្ឋកិច្ចជាតិ ប្រយោជន៍ឈានទៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព៕