(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន៣៣៧នាក់ ស្រី៤២នាក់។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីលោកស្នងការរង លោកអនុផែនជំនាញ លោក-លោកស្រី នាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុង និងមន្រ្តីដែលត្រូវបំពាក់សក្តិតែងតាំងមុខតំណែង សរុបរួមចំនួន៣៨៣នាក់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុលស បានណែនាំពីនីតិវិធីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្ដិទៅតាម សមត្ថភាពការងារ សញ្ញាបត្រ អតីតភាពការងារ ក្រមសីលធម៌ សុភាវធម៌ល្អ។

លោកឧត្តមសេនីយ៍ស្នងការ បាន ផ្តាំផ្ញើដល់មន្ត្រីក្រោមបង្គាប់ទាំងអស់ខិតខំរៀនសូត្រ និងទទួលយកបទពិសោធន៍ពីបងៗ នៅជុំវិញខ្លួនជៀសឲ្យឆ្ងាយពី ការប្រើប្រាស់គ្រឿងញៀន បើកបរគោរពច្បាប់ចរាចរណ៍ មានវិធានការបង្ការ និងបង្រាបបទល្មើសជល់ផល បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ហើយខិតខំប្រឹងប្រែង ធ្វើការងារបម្រើសេវា ជូនប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត និងបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ជូនឲ្យបានសម្រេចជោគជ័យ៕