(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ពេលនេះកំពុងរៀបចំចងក្រងនូវសៀវភៅគោលការណ៍ណែនាំថ្មីមួយ ដើម្បីជាប្រយោជន៍ ក្នុងការជួយដល់ជនអនាថា គ្មានទីពឹង នៅក្នុងប្រទេសកម្ពុជា។

សិក្ខាសាលាពិគ្រោះយោបល់ ដើម្បីស្វែងរកធាតុចូល ក្នុងការរៀបចំសៀវភៅគោលការណ៍ណែនាំសម្រាប់ជួយជនអនាថានេះ ត្រូវបានក្រសួងសង្គមកិច្ច រៀបចំនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច បានលើកឡើងថា សិក្ខាសាលាពិគ្រោះយោបល់ ដែលរៀបចំឡើង នាពេលនេះ គឺក្នុងគោលបំណង ស្វែងរកធាតុចូលបន្ថែមទៀត ក្នុងការរៀបចំចងក្រងសៀវភៅគោលការណ៍ណែនាំ សម្រាប់ជួយជនអនាថា ឱ្យបានគ្រប់ជ្រុងជ្រោយ ធ្វើឱ្យមានសង្គតិភាពនៃអង្គឯកភាពដែលមានលក្ខណៈប្រមូលផ្តុំតែមួយ ហើយផ្តល់នូវតម្លៃដ៏សំខាន់សម្រាប់ការប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាល និងការផ្តល់សេវាសង្គមបានទូលំទូលាយ។

លោក ឈាង បាក់ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងលោករដ្ឋមន្រ្តី វង សូត ដែលបានចូលរួមសិក្ខាសាលានេះ បានថ្លែងថា កន្លងមក ប្រជាជនក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា គឺបានទទួលការគាំពារក្រោមរូបភាពផ្សេងៗ ដូចជា ការបង្កើតមជ្ឈមណ្ឌលកុមារកំព្រា មជ្ឈមណ្ឌលជនពិការ មជ្ឈមណ្ឌលគាំពារសុខភាពមាតា និងទារក ការឧបត្ថម្ភចំពោះប្រជាជនក្រីក្រដែលមកសម្រាកព្យាបាល ឬសម្រាលកូនដោយឥតបង់ថ្លៃជាដើម។

លោកបានបន្តថា សកម្មភាពទាំងនេះ មានសង្គតិភាព ទៅនឹងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច គោលនយោបាយកាត់បន្ថយភាពក្រីក្រ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។

លោក ឈាង បាក់ បានគូសបញ្ជាក់ថា ដោយប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស គឺបានបង្ហាញនូវមុខមាត់ថ្មីប្រកបដោយភាពរឹងមាំ មានការរីកចម្រើនជាលំដាប់ ក្នុងការបោះជំហានលើមាគ៌ានៃការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ លោកថ្លែងថា ប្រជាជនកម្ពុជា បាន និងកំពុងទទួលផ្លែផ្កា ពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័ស ក្នុងអត្រាមធ្យមប្រមាណ៧.៧ភាគរយ នាអំឡុងពីរទសវត្សកន្លងមកនេះ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយពី៥៣ភាគរយ នៅឆ្នាំ២០០៤ មក១៣.៥ភាគរយ នៅឆ្នាំ២០១៤។

លោកបានបន្តថា ទាំងនេះគឺជាសមិទ្ធិផលពិតមិនអាចបដិសេធបាន ជាមោទនភាពសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ការបោះជំហានឆ្ពោះទៅសម្រេចបានគោលដៅនាពេលខាងមុខ ក្នុងការពន្លឿនសេដ្ឋកិច្ច ការបង្កើនឱកាសការងារ និងកសាងសង្គមមួយប្រកបដោយសមធម៌ ដោយផ្ដោតទៅលើការអនុវត្ត ការទ្រទ្រង់គោលនយោបាយសង្គមកិច្ច និងជំរុញការកែទម្រង់ចាំបាច់នានាលើគ្រប់វិស័យ។

ជាមួយគ្នានោះ លោក ឈាង បាក់ សំណូមពរឲ្យអង្គប្រជុំខិតខំប្រឹងប្រែងជួយបំពេញបន្ថែម នូវចំណុចខ្វះខាតដែលជាធាតុចូល ដ៏មានសារៈសំខាន់ ក្នុងការរៀបចំតាក់តែងសៀវភៅ គោលការណ៍ណែនាំសម្រាប់ជួយជនអនាថាឱ្យបានល្អប្រសើរ៕