(សៀមរាប)៖ វេជ្ជបណ្ឌិតជំនាញផ្នែកគ្រួសក្នុងតម្រងនោម បានឲ្យដឹងថា ជំងឺគ្រួសក្នុងតម្រងនោមច្រើនកើតមានឡើង ចំពោះបុរសច្រើនជាងស្រ្ដី។ នេះបើតាមការលើកឡើងពីវេជ្ជបណ្ឌិត សៅ រ៉ាវី អ្នកជំនាញផ្នែកតម្រងនោមមកពី ប្រទេសថៃនៃមន្ទីរពេទ្យរ៉ូ យ៉ាល់ភ្នំពេញ។

លោកវេជ្ជបណ្ឌិត សៅ រ៉ាវី បានពន្យល់ឲ្យដឹងថា កត្តាដែលបណ្ដាលឲ្យបុរសប្រឈម នឹងជំងឺគ្រួសក្នុងតម្រងនោមច្រើនជាងស្រ្ដីគឺ៖ ទម្លាប់នៃការរស់នៅរបស់បុរស, ទម្លាប់នៃការហូបចុករបស់បុរសមានន័យថា ភាពច្រើនបុរសបិរភោគអាហារច្រើនជាងស្រ្ដី ពិសេសការបរិភោគអាហារខាងក្រៅ ដោយមិនមានអនាម័យត្រឹមត្រូវ។

ការលើកឡើងបែបនេះរបស់លោកវេជ្ជបណ្ឌិត សៅ រ៉ាវី ធ្វើឡើងក្នុងឱកាសដែលក្រុមគ្រូពេទ្យនៃ មន្ទីរពេទ្យរ៉ូយ៉ាល់អង្គរខេត្ដសៀមរាប និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ចូលរួមក្នុងសិក្ខាសាលាស្ដីពី ការចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋ និងណែនាំពីវិធីការពារការកើតជំងឺតម្រងនោម ពិសេសក្រួសក្នុងតម្រងនោម ព្រមទាំងបង្ហាញពីម៉ាស៊ីបាញ់ក្រួស ក្នុងតម្រងនោមប្រកបដោយប្រសិទ្ធិភាព។

លោកវេជ្ជបណ្ឌិត សៅ រ៉ាវី បានលើកឡើងក្នុងសិក្ខាសាលាថា ប្រទេសកម្ពុជាមានអ្នកកើតជំងឺក្រួសក្នុងតម្រងនោម ច្រើនជាងប្រទេសថៃទាំងនេះដោយសារតែ ប្រជាពលរដ្ឋមិនបានយល់ពី វិធានការការពារជាមុន និងការទទួលទានអាហារមិនសមស្របតុល្យភាព សារធាតុប្រូតេអ៊ីនលើសកម្រិត, ពិសារប្រៃពេក, បរិភោគទឹកមិនបានគ្រប់គ្រាន់ និងការអប់រំផ្នែកសុខភាព និងចំណីអាហារនៅមានកម្រិត។

លោកវេជ្ជបណ្ឌិតបន្ដថា «ជំងឺនេះកើតឡើងលើបុរសច្រើនជាងស្រ្ដី។ ដើម្បីចៀសវាងការកើតជំងឺគ្រួស ក្នុងតម្រងនោមពលរដ្ឋត្រូវទទួលទានទឹកឱ្យបានច្រើន ដោយទទួលទានឲ្យបាន២លីត្រកន្លះ និងទទួលចំណីអាហារមានអនាម័យល្អ»

លោកវេជ្ជបណ្ឌិតរំពឹងថា ពលរដ្ឋកម្ពុជានឹងបានយល់ពី វិធីការពារសុខភាព ផ្នែកជំងឺក្រួសក្នុងតម្រងនោម បន្ទាប់ពីបានចូលរួមសិក្ខាសាលានេះរួច។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា សិក្ខាសាលានេះពិតជាផ្ដល់អត្ថប្រយោជន៍ច្រើន ដល់ពលរដ្ឋបានយល់ពី ផលលំបាកនៃការកើតជំងឺក្រួសក្នុងតម្រងនោម និងដឹងពីវិធីការពារ និងការព្យាបាល។

លោក យន់ សុខុម ប្រធានផ្នែកទីផ្សារនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងរ៉ូយ៉ាល់អង្គរខេត្ដសៀមរាប លើកឡើងថា សិក្ខាសាលានេះរៀបចំឡើង បន្ទាបពីមើលឃើញថា ប្រជាពលរដ្ឋមានផលប៉ះពាល់ដល់សុខភាព ដោយសារជំងឺគ្រួសក្នុងតម្រងនោមនេះ។ ក្នុងនោះមានក្រុមគ្រូពេទ្យជំនាញមកពីមន្ទីរពេទ្យរ៉ូយ៉ាល់ ដែលអញ្ជើញមកពីប្រទេសថៃ និងកម្ពុជាចែករំលែក និងផ្ដល់ចំណេះដឹងពីផលប៉ះពាល់ នៃការកើតជំងឺក្រួសក្នុងតម្រងនោម និងវិធីការពារជំងឺក្រួសក្នុងតម្រងនោម។

លោកបន្ដថា ជំងឺគ្រួសក្នុងតម្រងនោមនេះ បើប្រជាពលរដ្ឋយល់ដឹងមុនពេលកើតជំងឺ នឹងងាយស្រួលក្នុងការព្យាបាល ព្រមទាំងចំណាយពេលវេលាតិច និងចំណេញថវិកា។ ក្នុងនោះមន្ទីរពេទ្យរ៉ូយ៉ាលមានម៉ាស៊ីនទំនើបចុងក្រោយ ក្នុងការព្យាបាលជំងឺក្រួសក្នុងតម្រងនោមនេះ ដោយងាយស្រួលព្យាបាល ដោយមិនប្រើប្រាស់ថ្នាំសន្លប់ ឬប្រើម្ជុលចាក់ឡើយ ព្រមទាំងមិនខាតពេលវេលាព្យាបាលផងដែរ៕