(កំពង់ចាម)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ចាម សហការជាមួយកម្លាំងនគរបាលចរាចរណ៍ និងសមត្ថកិច្ចមូលដ្ឋាន បានបន្ដប្រតិបត្តិការត្រួតពិនិត្យសារធាតុញៀន ទៅលើអ្នកបើកបរថយន្ដ និងព្រូរថយន្ដ គោលដៅនៅស្រុកបាធាយ ជាលទ្ធផល រកឃើញមនុស្ស១៣នាក់ មានសារធាតុញៀននៅក្នុងខ្លួន។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តន៍តាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលដឹកនាំបញ្ជាពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជា២លើក ពោលនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ចុះត្រួតពិនិត្យធ្វើតេស្តទឹកម៉ូត ស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្ត ព្រូរថយន្ត និងកម្មករ នៅស្រុកបាធាយ ជាលទ្ធផលបានត្រួតពិនិត្យរថយន្តចំនួន១៣គ្រឿង ធ្វើតេស្តទឹកម៉ូត សរុប៣៣នាក់ មានអ្នកបើកបរចំនួន១៣នាក់ ព្រូរថយន្តចំនួន០៥នាក់ កម្មករចំនួន១៥នាក់ ក្នុងនោះរកឃើញអ្នកជាប់សារធាតុញៀនចំនួន០៤នាក់ មានអ្នកបើកបរម្នាក់ ព្រូម្នាក់ និងកម្មករចំនួន០២នាក់។

ដោយឡែក ថ្ងៃទី១៣ ខែមិថុនា ២០១៩ សមត្ថកិច្ចបានបន្ដធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្ត ព្រូរថយន្ត និងកម្មករ នៅស្រុកបាធាយបន្ដទៀត ជាលទ្ធផលបានត្រួតពិនិត្យរថយន្តចំនួន៧១គ្រឿង ធ្វើតេស្តទឹកម៉ូតសរុប១៤០នាក់ មានអ្នកបើកបរចំនួន៧១នាក់ ព្រូរថយន្តចំនួន១២នាក់ កម្មករចំនួន៥៧នាក់ ក្នុងនោះរកឃើញអ្នកជាប់សារធាតុញៀនចំនួន០៩នាក់ មានអ្នកបើកបរចំនួន០៥នាក់ ព្រូរថយន្ដចំនួន០៣នាក់ និងកម្មករម្នាក់។

ជុំវិញប្រតិបត្តិការរយៈពេល២ថ្ងៃជាប់គ្នានេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់រថយន្តរក្សាទុកបណ្តោះអាសន្នចំនួន០៥គ្រឿងផងដែរ នៅអធិការដ្ឋាននគរបាលស្រុកបាធាយ ហើយបានបញ្ជូនសំណុំរឿងរបស់អ្នកមានសារធាតុញៀនទាំងអស់នោះ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕