(ព្រះសីហនុ)៖ លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារប្រឹក្សាយោបល់ នៃវិទ្យាស្ថានឧស្សាហកម្ម បរិស្ថាន និងបច្ចេកវិទ្យា នៃសាធារណរដ្ឋកូរ៉េ KEITI នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុ ទាក់ទិននឹងការផ្តល់ជំនួយបច្ចេកទេស ក្នុងការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិចនៅខេត្តព្រះសីហនុ ខណៈបញ្ហាសំណល់រឹងកំពុងជះឥទ្ធិពលអវិជ្ជមាន ដល់សោភណ្ឌភាព នៃខេត្តទេសចរណ៍ដ៏មានសក្តានុពលដែល ត្រូវបានគេប្រសិទ្ធនាមថា(តារារះនៅទិសនិរិតី)។

លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារ នៃវិទ្យាស្ថានឧស្សាហកម្មបរិស្ថាន និងបច្ចេកវិទ្យា Korea Environmental Industry and Technology Institute/KEITI នៃសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា គោលបំណងជំនួបនេះ គឺដើម្បីខេត្តព្រះសីហនុ ក្នុងការធ្វើឱ្យប្រសើរឡើងដោយចីរភាពផ្នែកហិរញ្ញវត្ថុ និងបរិស្ថាន លើការគ្រប់គ្រងកាកសំណល់រឹង និងថង់ប្លាស្ទិច ខេត្តព្រះសីហនុ។ លោកស្រីបានបញ្ជាក់ថា ក្រៅពីខេត្តព្រះសីហនុ ក្រុមការងាររបស់លោកស្រីក៏បានសហការជួយកិច្ចការនេះ នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាបផងដែរ។

បើតាមលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ស្របពេលមានកំណើន នៃកាវិនិយោគនាពេលបច្ចុប្បន្នយ៉ាងគំហុក បានធ្វើឱ្យបរិមាណសំរាមក៏មានការកើនឡើងផងដែរ។ បញ្ហានេះ បានក្លាយជាកង្វល់មួយដែលរបស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ដោះស្រាយយ៉ាងសកម្មរាល់ថ្ងៃ។ លោកបាននញ្ជាក់ថា ក្រុងព្រះសីហនុ បច្ចុប្បន្ន បរិមាណសំរាម មានពី ៤០០ ទៅ ៥០០ តោនក្នុងមួយថ្ងៃ ដោយមិនទាន់គិតអំពីកាកសំណល់ការដ្ឋានសំណង់ផង។

គួរបញ្ជាក់ថា បញ្ហាសម្រាមនៅក្រុងព្រះសីហនុ នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា ពុំទាន់មានការគ្រប់គ្រងឲ្យបានប្រសើរនៅឡើយ។ គំនរសម្រាមត្រូវបានគេគរទុកចោលយូរថ្ងៃ រហូតធំក្លិនស្អុយ(នៅកន្លែងខ្លះ) ដោយសារក្រុមហ៊ុនប្រមូលសម្រាមមិនបានមកយកឲ្យបានទានន់ពេលវេលាទេបើទោះជារដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការបែងចែករថយន្ត និងកម្មករប្រមូលសម្រាមឲ្យទទួលខុសត្រូវតាមឃុំ/សង្កាត់យ៉ាងក្តី។ ករណីនេះបានបណ្តាលឲ្យមហាជនរអ៊ូរទាំផងដែរ។

ទោះជាបែបនេះក្តី លោក ជាវ វិជ្ជាក់ បានបង្ហាញសុទិដ្ឋិនិយមថា បញ្ហាសំណល់រឹង (សំរាម) នាពេលបច្ចុប្បន្ន នឹងត្រូវបានដោះស្រាយបាននៅពេលខាងមុខ តាមរយៈការបង្កើនការគ្រប់គ្រង និងប្រមូលសំរាមដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់មូលដ្ឋាន និងមានការគាំទ្រពីថ្នាក់ជាតិផងដែរ។

គួររំលឹកថា កន្លងទៅក៏ដូចជាបច្ចុប្បន្នដែររដ្ឋបាលខេត្តព្រះសីហនុ លោក យន្ត មីន បានចលនាដឹកនាំកំលាំងមហាជនឲ្យចូលរួមក្នុងសកម្មភាពដើររើសសម្រាម តាមទីតាំងនានាជាបន្តបន្ទាប់ ដើម្បីបំផុសគំនិតឲ្យពលរដ្ឋគ្រប់រូបចូលរួមស្រលាញ់បរិស្ថាន និងចេះវិចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីទុកឲ្យក្រុហ៊ុនប្រមូលសម្រាមប្រមូល យកទៅចោលនៅទីលានចាក់សំរាម។

ទន្ទឹមនោះរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ទីតាំងគោលដៅ និងបានបែងចែកឲ្យមន្ទីរអង្គភាពជុំវិញខេត្តចូលរួមទទួលខុសត្រូវ តាមកន្លែងរបស់ខ្លួនផងដែរ។ គម្រោងការនេះនៅតែមិនអាចដោះស្រាយបានដដែល ដោយសារអ្នកពង្រាយមានចំនួនច្រើនជាងអ្នកសំអាតសម្រាម៕