(ស្វាយរៀង)៖ កម្លាំងនគរបាលវរការពារព្រំដែនលេខ៦១១ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាប និងរឹបអូសគ្រឿងញៀនចំនួន ១៧គីឡូក្រាម នៅចន្លោះព្រំដែនកម្ពុជា-វៀតណាម ក្បែរនឹងច្រកអន្តរជាតិបាវិត ប៉ុន្តែគួរឲ្យសោកស្តាយ ជនសង្ស័យបានរត់គេចខ្លួនបាត់ នាវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កម្លាំងនគរបាលការពារព្រំដែនលេខ៦១១ ចេញល្បាតតាមខ្សែក្រវ៉ាត់ព្រំដែន ត្រង់ចំណុចបង្គោលព្រំដែនលេខ១៧០ ស្លាបខាងឆ្វេងច្រកទ្វារអន្តរជាតិបាវិត ក៏បានជួបនឹងជនសង្ស័យម្នាក់ ដើរកាត់វាលស្រែក្បែរចំការប្រេងខ្យល់ ដោយមានយួរវ៉ាលីសធំមួយ, ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីសួរនាំ តែជនសង្ស័យបានទម្លាក់ វ៉ាលីសនោះចោល ហើយរត់គេចខ្លួនចូលចម្ការប្រេងខ្យល់បាត់។

ក្រោយធ្វើការត្រួតពិនិត្យឆែកឆេរវ៉ាលីសនោះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថា ជាគ្រឿងញៀនប្រភេទអំហ្វេតាមីនចំនួន ១៧ដុំ ដែលស្មើនឹងប្រមាណ១៧គីឡូក្រាម។

ប្រភពបានឲ្យដឹងទៀតថា ករណីនេះ ជនសង្ស័យប្រុងនាំយកគ្រឿងញៀន ទៅកាន់ប្រទេសវៀតណាម តែនៅពេលសមត្ថកិច្ចហៅឃាត់សួរ ជនសង្ស័យភ័យក៏រត់បាត់ទៅ។ តែយ៉ាងណាក៏ដោយ ពេលនេះ លោកកំពុងទាក់ទង ធ្វើការជាមួយភាគីវៀតណាម ធ្វើការងារលើករណីនេះ ដើម្បីស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ។

បច្ចុប្បន្ន វត្ថុតាងគ្រឿងញៀនទម្ងន់១៧គីឡូក្រាម កំពុងត្រូវរក្សាទុកនៅប៉ុស្តិ៍ព្រំដែនធ្លក ដើម្បីរៀបចំតាមនីតិវិធី នាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕