(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣។ ក្រុមប្រឹក្សាអាណត្តិទី៣ របស់ខណ្ឌចំការមន មានលោក ព្រុំ សំខាន់ ជាប្រធានក្រុមប្រឹក្សា និងមានសមាជិកចំនួន១៨រូប។

ពិធីប្រកាសចូលកាន់តំណែងនៅព្រឹកនេះ ត្រូវបានប្រារព្ធធ្វើនៅសាលប្រជុំកោះពេជ្រ មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលខណ្ឌ អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋទូទាំងខណ្ឌចំការមនផងដែរ។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលុប និងគ្រប់គ្រងអាសនៈក្រុមប្រឹក្សា ស្ទើរតែទាំងស្រុងបន្តពីនោះ គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

លទ្ធផលផ្លូវការ ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈ សរុប៥៥៩អាសនៈ៕