(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ តុលាការក្រុងភ្នំពេញ បានបើកសវនការលើសំណុំរឿង លោក ផែង វណ្ណៈ អ្នកលេង Facebook ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។

លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីការបស់ព្រះរាជអាជ្ញាបញ្ជាឱ្យចូលខ្លួន ដើម្បីសាកសួរពាក់ព័ន្ធ នឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។ ក្រោយមកលោកត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។

ការចាប់ឃាត់ខ្លួនលោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីមេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺលោក គី តិច បានដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។

ពាក់ព័ន្ធនឹងករណីខាងលើនេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ លោក ផែង វណ្ណៈ បានសរសេរលិខិតមួយ ដោយសុំការខន្តីអភ័យទោសពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នូវអ្វីដែលខ្លួនបានសរសេរព័ត៌មាន ប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងសុំការអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួនចំពោះកំហុសឆ្គងរបស់លោកកន្លងមកផងដែរ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អង្គភាពព័ត៌មាន Fresh News តាមរយៈមេធាវីរបស់ខ្លួន ក៏បានដាក់ពាក្យបណ្តឹងចូល សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹង លោក ផែង វណ្ណៈ ពីបទ «បរិហារ្តិ៍ជាសាធារណៈ» បន្ទាប់ពីជននេះបានចោទប្រកាន់អង្គភាពព័ត៌មាន Fresh News ដោយមិនមានមូលដ្ឋានច្បាស់លាស់៕