(ហុងគ្រី)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅ គឺមានកូនក្មួយជានិស្សិត និងបងប្អូនខ្មែរដែលបានមករស់នៅក្នុងប្រទេសហុងគ្រី ចាប់តាំងពីឆ្នាំ១៩៨២មកបានមកទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តីយ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត។

កូនក្មួយនិស្សិតបានបង្ហាញនូវក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឲ្យបងប្អូនកូនក្មួយបានជួបសំណេះសំណាលនិងសួរសុខទុក្ខ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កូនក្មួយទាំងអស់ដែលមានឱកាសបានមកសិក្សានៅទីនេះ គឺត្រូវតែយកចិត្តទុកដាក់សិក្សារៀនសូត្រ ហើយគោរពច្បាប់ប្រទេសគេឲ្យបានល្អ។

តាមពិតទៅសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញមកទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចសិក្សា ព្រមទាំងចូលរួមមហាសន្និបាតបក្ស និងអមដំណើរសម្តេចពញ្ញាចក្រី ហេង សំរិន នៅប្រទេសនេះ៨ដងមកហើយគិតចាប់ពីឆ្នាំ១៩៧៩ -១៩៨៤ ដែលនៅពេលនោះសម្តេចតេជោជារដ្ឋមន្រ្តីការបរទេស។ នេះជាលើកទី៩ ហើយក៏ជាលើកទី១ផងដែរ ដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា៕