(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រកាសថា នឹងរៀបចំប្រារព្ធពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នៅឆ្នាំនេះបន្តទៅទៀត ខណៈដែលឆ្នាំ២០១៨ កន្លងទៅ ការរៀបចំប្រណាំងលើកដំបូង គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្ត រហូតទៅដល់ជាង ៥ម៉ឺននាក់ ដែលចំនួននេះបានលើកពីការរំពឹងទុកទៅទៀត។

លោក ម៉ៅ ធនិន បានថ្លែងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Commercial Recreation Specialists ដែលចង់វិនិយោគ ឧទ្យានទឹកកម្សាន្ត (Water Park) ក្នុងស្ទឹងពោធិ៍សាត់ និងជួបសំណេះសំណាល ដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ នៅសាលាខេត្តពោធិ៍សាត់។

ក្នុងជំនួបពិភាក្សាខាងលើ លោកបានគាំទ្រ និងបានវាយតម្លៃខ្ពស់ ចំពោះគម្រោងវិនិយោគ ឧទ្យានទឹកកម្សាន្ត (Water Park) របស់ក្រុមហ៊ុន Commercial Recreation Specialists ដែលទទួលបានជោគជ័យនៅឯខេត្តកំពត ឈានដល់ការពង្រីកសមត្ថភាពនៅខេត្តរបស់ឯកឧត្តមផ្ទាល់តែម្តង។ លោកបានបន្ថែមថា គម្រោងនេះអាចអនុវត្តទៅបាន ដោយធ្វើយ៉ាងណាស្របទៅតាមលក្ខណៈបទដ្ឋានបច្ចេស ជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិតដល់ប្រជាពលរដ្ឋ ជាពិសេសកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ក្នុងទឹកស្ទឹងពោធិ៍សាត់។

ជាងនេះទៅទៀត លោកបានឲ្យដឹងថា ស្ទឹងពោធិ៍សាត់ជាស្ទឹងរស់ ដែលហូរឆ្លងកាត់ស្រុក៣ និងក្រុងមួយ មានទំនប់ស្ទាក់ទឹក៥កន្លែង មុននឹងហូរទៅដល់បឹងទន្លេសាប។ ថ្មីៗរដ្ឋបាលខេត្តបាននឹងកំពុង ស្ថាបនាឡើងវិញ នូវសំណង់ទ្វាទឹកក្បាលហុង ដែលជាសំណង់ចាស់ទ្រុឌទ្រោម ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ទៅជាទំនប់បង្ហៀរ មានប្រវែង៩៤ម៉ែត្រ បាតក្រោម៩ម៉ែត្រ ខ្នងលើ៤ម៉ែត្រ មានកម្ពស់១,៣ម៉ែត្រ និងមានទ្វារទឹក២សងខាង ហើយក្នុងនោះមានលទ្ធភាពស្រោចស្រព ទៅលើផ្ទៃដីស្រែ និងដំណាំរួមផ្សំ ចំនួន៣ពាន់ហិកតា សម្រាប់បម្រើផលប្រយោជន៍ ប្រជាជនក្នុងក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកបាកាន។

ជាមួយនឹងគម្រោងនេះ បានជួយសម្អាតបរិស្ថានក្នុងក្រុងពោធិ៍សាត់ នៅតាមដងស្ទឹង ហើយជួយបង្កើតនូវលំហូរភ្ញៀវទេសចរណ៍ ចូលមកទស្សនាក្នុងខេត្តពោធិ៍សាត់ផងដែរ។ គម្រោងនេះបានផ្តើម ដំណើរការ នៅខែមករានេះតទៅ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តពោធិ៍សាត់។ ទន្ទឹមនឹងគម្រោងទំនប់បង្ហៀរក្បាលហុងបាននឹងកំពុងសាងសង់ ផ្លូវថ្មើរជើងជាប់មាត់ស្ទឹង និងសួនច្បារ១៤មករា ក៏ត្រូវបានធ្វើឡើងស្របគ្នានោះផងដែរ៕