(ពោធិ៍សាត់)៖ ជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួនជាក់ស្តែងព្រមគ្នា តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ករណីរំលោភយកដីរដ្ឋ ដែលសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ភាពីម៉ិច អភិវឌ្ឍន៍ដំណាំដំឡូងមី។ ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចកោះតាញូង ស្ថិតក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ឈ្មោះ វ៉ាន់ លឹម សេង តំណាងក្រុមហ៊ុនភាពីម៉ិច បានប្តឹងទៅឈ្មោះ ១-ឈ្មោះ តេង ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូចាន់ ឃុំស្វាយស ស្រុកក្រគរ, ២-ឈ្មោះ សាត គឹមសាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្តី) និង៣-ឈ្មោះ ច្រៀង ផល្លី ភេទស្រី អាយុ៣៥ឆ្នាំ ភេទស្រី ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ពីបទរំលោភយកដីក្រុមហ៊ុនភាពីម៉ិច ដែលរដ្ឋសម្បទានឲ្យ សម្រាប់អភិវឌ្ឍន៍ដំណាំដំឡូងមី នៅចំណុចកោះតាញូង ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន១២៣ហិកតា។

របាយការណ៍បានសរសេរថា ជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាក់ស្តែង នៅលើដីនោះផ្ទាល់តែម្តង តាមបញ្ហារបស់លោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់។

ក្នុងរបាយការណ៍នោះ បានបន្ថែមថា ជនសង្ស័យបានបំភ្លឺថា ក្នុងចំនួនដី ៤៥ហិកតានោះ ពួកគាត់បានបែងចែកទៅឲ្យបងប្អូនរបស់គាត់ ក្នុងមួយនាក់ ៤ហិកតា។ ហើយក្នុងចំនួនដី ៤៥ហិកតា គាត់ដាំស្វាយអស់ចំនួន ៣០ហិកតា នៅសល់ ១៥ហិកតាទៀត បម្រុងដាំបង្ហើយ ដីនេះមានលិខិតអនុញ្ញាតឲ្យកាន់កាប់ ដោយចុះហត្ថលេខា ពីឈ្មោះ៖ ១-លោក ឡូញ នាង ប្រធានភូមិបាលស្រុកក្រគរ (អ្នកគូសប្លង់ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩), ២-លោកស្រី អ៊ុ សារ៉ន មេភូមិដំបូក១០០ (ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨), ៣-លោក ចាប សុខឿន មេឃុំត្នោតជុំ (ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨) និង៤-លោក សុខ ឃន អតីតអភិបាលរងស្រុកក្រគរ និងជាអភិបាលស្រុកក្រគរស្តីទី ចុះហត្ថលេខាស្នើសុំការចុះវាស់វែងដី មិនទាន់ចុះបញ្ជី លិខិតផ្ទេរសិទ្ធកាន់កាប់អចលនៈទ្រព្យមិនទាន់ចុះបញ្ជីរ (ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩) ទៅលើឈ្មោះ អ៊ុ ចន្ថា។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីស្រាវជ្រាវបន្ត។ ចំពោះវត្ថុតាងដកហូតមានគោយន្តកន្ត្រៃយ៍ ១គ្រឿង ដែលកំពុងធ្វើសកម្មភាព ភ្ជួរដាំស្វាយ, ម៉ូតូ១គ្រឿង ម៉ាក សេ១២៥ ព័ណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខ ពោធិ៍សាត់1I-4313 រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ៕