(រតនគិរី)៖ រដ្ឋបាលខេត្តរនគិរីនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ សហការជាមួយមន្ទីរបរិស្ថានខេត្ត រៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០១៩ ក្រោមប្រធានបទ «ការបំពុលខ្យល់» ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្ត ដើម្បីបណ្តុះគំនិតឱ្យប្រជាពលរដ្ឋស្រឡាញ់បរិស្ថាន។

ពីធីនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជាង២០០នាក់ ស្ថិតនៅអតីតព្រលាន យន្តហោះ ក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោក ថង សាវុន បានថ្លែងថា ការរៀបចំទិវាអនាម័យបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការបំពុលខ្យល់» ក្នុងគោលបំណងបណ្តុះគំនិតប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់បរិស្ថានធ្វើឱ្យបរិស្ថានស្អាត គ្មានសំរាមពាសវាល ពាសកាលបណ្តុះ គំនិតស្មារតីឱ្យមហាជនទូទៅមានការយល់ដឹង និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ ផាសុខភាព ជាកន្លែង ដែលចង់រស់នៅទាំងអង្គភាពរដ្ឋទាំងឯកជនទូទៅ ដែលជាការរួមចំណែកក្នុងអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

លោកបានបន្តថា ជាពិសេសស្របពេលដែលរដ្ឋបាលខេត្ត បាននឹងកំពុងជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន រួមទាំងការកែលម្អសោភ័ណភាព នៅទីរួមខេត្តឱ្យក្លាយជាទីក្រុងស្អាត ផងដែរ។

នៅក្នុងឱកាសនេះ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត ព្រមទាំងអ្នកចូលរួមទាំងអស់ បាននាំគ្នាដាំកូនឈើចម្រុះចំនួន៥០០ដើម ផងដែរ៕