(កំពត)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងសាធារណការនៅតែបន្តរឹតបន្តឹងចំពោះរថយន្តដឹកទំនិញទាំងឡាយណា ដែលនៅតែបន្តដឹកទំនិញដោយល្មើសច្បាប់កំណត់។ លោករដ្ឋមន្ត្រី បានព្រមានថា នឹងបិទក្រុមហ៊ុនចោលតែម្តង បើក្រុមហ៊ុននោះនៅតែបន្តដឹកលើសទម្ងន់ហាមមិនស្តាប់នោះ។

ការថ្លែងព្រមានបិទក្រុមហ៊ុនដឹកជញ្ជូនលើសទម្ងន់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងពេលចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ៤១, លេខ៣១, លេខ៣៣ និងលេខ៣ សិក្សា និងពិនិត្យមើលពីស្ថានភាពផ្លូវ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា ក្រសួងសាធារណការ នៅតែបន្តរឹតបន្តឹងចំពោះរថយន្តដឹកទំនិញណា ដែលនៅតែបន្តដឹកទំនិញដោយល្មើសច្បាប់កំណត់។ «យើងនឹងបន្តនីតិវិធីត្រួតពិនិត្យ ចាប់ និងផាកពិន័យ ចំពោះរថយន្តលើសទម្ងន់នេះបន្តទៀត ហើយនឹងឈានដល់កាបិទក្រុមហ៊ុននោះចោលតែម្តង បើក្រុមហ៊ុននោះ នៅតែបន្តបំពានច្បាប់ដដែលនោះ ត្រូវតែបិទចោលតែម្តងហើយ»

លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ តទៅ ក្រសួងសាធារណការ និងចាប់ផ្តើមអនុវត្តន៍ ការត្រួតពិនិត្យរថយន្តដឹកទំនិញចេញពីកំពង់ផែភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនឹងត្រួតពិនិត្យមើលថា តើអ្នកបើកបរ មានប័ណ្ណបើកបរដែរ ឫអត់? បើមិនមានទេ នោះនឹងមិនឱ្យបើកចេញពីកំពង់ផែទាំង២កន្លែងនឹងនោះទេ ហើយបើឡានមិនបានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ត្រឹមត្រូវនោះទេ ក៏មិនអនុញ្ញាតឱ្យចេញពីកំពង់ផែដែរ ព្រោះតែកត្តាទាំងនេះហើយ ដែលជាដើមហេតុបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ឈប់ចាប់រថយន្តដឹកលើសទម្ងន់តាមដងផ្លូវទៀតហើយ គឺទៅចាប់ឱ្យដល់គោលដៅតែម្តង៕