(ភ្នំពេញ)៖ ស្ថានទូតហ្វីលីពីននៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យស្នាក់នៅ៣០ថ្ងៃដំបូង នៅក្នុងប្រទេសកម្ពុជា ដោយពុំចាំបាច់មានទិដ្ឋាការ សម្រាប់ពលរដ្ឋហ្វីលីពីន ដែលមានលិខិតឆ្លងដែនធម្មតា។

ក្នុងន័យនេះ ប្រជាពលរដ្ឋនៃប្រទេសហ្វីលីពីន អាចចូលមកប្រទេសកម្ពុជាបាន ៣០ថ្ងៃ ដោយមិនចាំបាច់សុំទិដ្ឋាការឡើយ ឱ្យតែមានលិខិតឆ្លងដែនធម្មតា។ នេះបើយោងតាម សេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។

យោងតាមសេចក្តីជូនដំណឹងនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានទូតហ្វីលីពីនសូមជូនជំណឹងដល់ពលរដ្ឋហ្វីលីពីនទាំងអស់ ឱ្យជ្រាបថា រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា នៅក្រោមស្មារតីបដិភាព បានយល់ស្របចំពោះសំណើរបស់ស្ថានទូត ដែលស្នើឱ្យមានការពន្យាររយៈពេលស្នាក់ សម្រាប់ពលរដ្ឋហ្វីលីពីន ដែលកាន់លិខិតឆ្លងដែនទូទៅធម្មតា និងចូលមកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ដោយពុំមានទិដ្ឋាការ ចាប់ពី២១ថ្ងៃ ឱ្យដល់៣០ថ្ងៃតែម្តង ហើយអាចនឹងពន្យារពេលបាន ៣០ថ្ងៃទៀត ប៉ុន្តែបានតែម្តងគត់»។

បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងទៀតថា សម្រាប់ពលរដ្ឋហ្វីលីពីន ដែលមានបំណងចង់ស្នាក់នៅក្នុងប្រទេសកម្ពុជា លើសពី៦០ថ្ងៃ គឺគួរតែដាក់ពាក្យសុំទិដ្ឋាការភ្លាមៗ នៅពេលឈានជើងចូលមកដល់ប្រទេសកម្ពុជា ដើម្បីចៀសសវាងបញ្ហារំខានផ្សេងៗ។

ទោះជាយ៉ាងនេះក្តី បើតាម លោក ថូ សំណាង អគ្គនាយករងកិច្ចការច្បាប់ និងកុងស៊ុល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា​ កម្ពុជាពិតជាមានការប្តូរការលើកលែងទិដ្ឋាការ២១ថ្ងៃ មកជាង៣០ថ្ងៃមែន ប៉ុន្តែពុំមានការចែងពន្យារពេលបន្ថែម៣០ថ្ងៃថែមទៀតទេ។ លោកសង្ស័យថា ស្ថានទូតហ្វីលីពីន អាចមានការភាន់ច្រឡំដែលថា មានការពន្យារពេល៣០ថ្ងៃថែមទៀត។

លោកបានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងការលើកលែងទិដ្ឋាការជាមួយហ្វីលីពីន គឺក្នុងកំណត់ទូតយើងមិនមានចែងពីការពន្យារបន្ថែម៣០ថ្ងៃទេ គ្រាន់តែប្តូរពីលើកលែង២១ថ្ងៃ មកជា ៣០ថ្ងៃ។ បើពលរដ្ឋហ្វីលីពីន មានបំណងស្នាក់នៅយូរជាងនេះ ត្រូវសុំទិដ្ឋាការពីខាងអន្តោប្រវេសន៍។ ស្ថានទូតហ្វីលីពីនទំនងជាមានការភាន់ច្រឡំថា លើកលែង៣០ ថ្ងៃហើយអាចពន្យារថែម៣០ ថ្ងៃទៀត»។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ការអនុគ្រោះរបស់កម្ពុជា ចំពោះពលរដ្ឋហ្វីលីពីនេះ គឺជាការសម្របសម្រួល ក្នុងនាមសមាជិកអាស៊ានដូចគ្នា។

លោកបានអះអាងថា៖ «ការឆ្លើយតបមុនគេរបស់ខ្ញុំគឺ បង្កើតទីតាំងសម្របសម្រួលរួមមួយ នៅតាមប្រទេសជាសមាជិកអាស៊ាន ព្រោះចង់ក្រើនរំលឹកអ្នកទាំងអស់គ្នាថា ពួកយើងកំពុងតែកសាងសហគមន៍មួយ ដើម្បីឲ្យមានការរឹតត្បិតទិដ្ឋាការកាន់តែតិចតួចទៅៗ»។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកលែងទិដ្ឋាការរយៈពេល៣០ថ្ងៃនេះ ក្រៅពីប្រទេសហ្វីលីពីន កម្ពុជាកំពុងអនុវត្តជាមួយប្រទេសមួយចំនួនទៀត នៅក្នុងតំបន់អាស៊ាន ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ឡាវ និងវៀតណាម៕