(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាជាមួយមន្ត្រីសិទ្ធិមនុស្ស នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីស្វែងយល់ពីដំណើរការការងារគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ាន២ (LASED II) ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ។

បន្ទាប់ពីបានជួបពិភាក្សាសាកសួរព័ត៌មានឥតអស់ រយៈពេលជាង ២ម៉ោងរួចមក មន្ត្រីសិទ្ធិមនុស្ស នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បានយល់អំពីស្ថានភាពអនុវត្ត គម្រោងសម្បទានសង្គមកិច្ច នឹងបានយល់អំពីការចាប់ខ្លួនលោកស្រី អ៊ាវ ម៉េង មិនមែនទាក់ទងនឹងករណីតវ៉ាដីធ្លីទេ គឺទាក់ទងនឹងករណីបង្កហិង្សា។

ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តក៏សូមស្វាគមន៍ ដល់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលបានចុះសិក្សាស្វែងយល់ព័ត៌មានពិត ពីគម្រោងស្នើសុំឱ្យបន្តចូលរួមគាំទ្រ និងសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយគម្រោង LASED II ដើម្បីរួមគ្នាដោះស្រាយនូវទុក្ខកង្វល់នានា របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ក្នុងកិច្ចជំនួបក្រោមបរិយាកាសសប្បាយរីករាយ និងយោគយល់គ្នា។

សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៩កន្លងមក ក្រុមប្រឹក្សាឃុំដូង បានប្រជុំឯកភាពគ្នា ស្នើសុំរៀបចំដីដែលជាតំបន់វាលស្មៅ និងជាតំបន់ព្រៃរេចរិល ធ្វើជាដីសម្បទានសង្គមកិច្ច ដោយសំអាងថាពុំមានប្រជាពលរដ្ឋបង្កបង្កើនផល និងប្រើប្រាស់អាស្រ័យផលលើដី ទាំងនេះឡើយ ហើយដោយមានគ្រួសារក្រីក្រ នៅក្នុងឃុំដូងខ្វះដីលំនៅឋាន និងដីកសិកម្មប្រមាណ៨១១គ្រួសារ ដែលបានកំណត់ និងវាយតម្លៃយ៉ាងច្បាស់លាស់ ពីអាជ្ញាធរភូមិ-ឃុំ ចាស់ទុំព្រឹទ្ធាចារ្យក្នុងស្រុក ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយគ្រួសារក្រីក្រទាំងនេះ គឺមានភូមិសាស្ត្រនៅក្នុងឃុំដូង មិនមានមកពីខាងក្រៅឡើយ៕