(កំពង់ចាម)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងក្រុមការងារ បានអញ្ជើញផ្សព្វផ្សាយការងារអប់រំ នយោបាយចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម។

ពិធីផ្សព្វផ្សាយនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកមេបញ្ជាការង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

ចុងបញ្ចប់ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តក្នុងម្នាក់ៗ ចំនួនមួយផងដែរ៕