(កំពង់ធំ)៖ បងប្អូនគ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយខ្វះខាតចំនួន ៥៧២គ្រួសារ មកពីភូមិចំនួន៨ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមក្រោមអធិបតីភាព លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី ដោយមានការចូលរួមពីសមាជិក គណៈកម្មាធិការសាខា និងអនុសាខា អាជ្ញាធរដែនដីផងដែរ។

ថ្លែងក្នុងឱកាសនោះលោក សុខ លូ ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុក ដាក់គិតគូរចំពោះ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ អំណោយរបស់សាខាកាកបាទក្រហមកម្ពុជា បានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក និងចាស់ជរា។

ជាមួយគ្នានេះដែរ លោក សុខ លូ បានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលពុំមានដីសម្រាប់រស់នៅ និងបង្កបង្កើនផល ត្រូវបានជ្រើសជ្រើស និងវាយតម្លៃយ៉ាងម៉ត់ចត់ បំផុត ដើម្បីបានទទួលដីសប្បទានសង្គមកិច្ចអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ាន២ ដែលចែកដីឡូតិ៍លំនៅដ្ឋាន មានទំហំ៣០ម៉ែត្រ គុណ ៤០ម៉ែត្រ និងដីកសិកម្មមានទំហំចំនួន១០០ម៉ែត្រ គុណ២០០ម៉ែត្រ ក្រៅពីផ្តល់ដីដីឡូតិ៍លំនៅដ្ឋាន និងដីកសិកម្មគម្រោងបានរៀបចំឱ្យមានអត្ថប្រយោជន៍ផ្សេងៗ ទៀតជាច្រើនផងដែរ។

លោកបានបញ្ជាក់ថា ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជននានា ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិលផងដែរ។

លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព ពិសារអាហារដែលចម្អិនបានល្អ ផឹកស្អាត រស់នៅមានអនាម័យ បើមានជំងឺឈឺ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមគ្រួសារជាពិសេសមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬភ្លៀងហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្ថិភាពជៀសវាងរងគ្រោះដោយសារធម្មជាតិ ដូចជា៖ រន្ទះបាញ់ ខ្យល់កន្តាក់រលំដើមឈើ រលំផ្ទះជាដើម។ ដូច្នេះសូមបងប្អូនប្រជាពរដ្ឋទាំងអស់ ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

អំណោយដែលប្រជាពលរដ្ឋក្រីក្រទទួលបានក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, មី១កេស ផងដែរ៕