(ភ្នំពេញ)៖ ក្រោយបញ្ចប់ពិធីបុណ្យសព ដែលបានប្រារព្ធធ្វើឡើងតាមប្រពៃណី ព្រះពុទ្ធសាសនា ក្រុមគ្រួសារសពនាយឧត្តមសេនីយ៍ ដុម ហាក់ ដែលមានកូនៗ កូនប្រសារ ព្រមទាំងចៅៗ បានសម្តែងនូវក្តីគោរព ថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ លោកឪពុករបស់ខ្លួន ដែលបានចែកឋានទៅ។

ក្រុមគ្រួសារសាច់ញាតិ នៃសពនាយឧត្តមសេនីយ៍ ដុម ហាក់ បានឱ្យដឹងថា តាងនាមឱ្យក្រុមគ្រួសារសព ដែលមានលោក ដុម សុជាតា, លោក ដុម រិទ្ធី, លោក ដុម សុខា, លោកស្រី ដុម ចាន់មុនី និងក្នុងនាមជាកូន កូនប្រសារ ព្រមទាំងចៅៗ។

ក្នុងនាមក្រុមគ្រួសារនៃសព សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំយោធាជាន់ខ្ពស់ ដែលបានអញ្ជើញមកចូលរួមពិធីបុណ្យ សពនាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ៧៤ឆ្នាំ និងគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងការពារជាតិទាំងអស់ ដែលបានផ្តល់កិត្តិយស ដ៏ប្រសើរថ្លៃថ្លា និងក្តីអាណិតអាសូ គោរពអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងបានរំលែក នូវទុក្ខដ៏ក្រៀមក្រំ នៃគ្រួសារយើងខ្ញុំ៕