(ប៉ៃលិន)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ ចំនួន ១៥រូប ដែលត្រូវបានរៀបចំឡើងនៅសាលាខេត្តប៉ៃលិន ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ, សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត, ថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក, អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត ព្រមទាំងភ្ញៀវកិត្តិយសដទៃទៀត សរុបចំនួនប្រមាណជាង ៥០០នាក់។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីសភាពការណ៍ទូទៅ, ការអភិវឌ្ឍលើគ្រប់វិស័យ និងសមិទ្ធផលនានាជាច្រើន ដែលរដ្ឋបាលខេត្តសម្រេចបាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២, រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់, ដោយមានការចូលរួមយ៉ាងសកម្មពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជា ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្ត, ដោយធានាបានយ៉ាងល្អប្រសើរនូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុង-ស្រុក ក៏បានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។

ក្នុងឱកាសនោះដែរ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នថ្នាក់ជាតិ មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលតែងតែផ្ដល់ នូវការឧបត្ថម្ភគាំទ្រ ជ្រោមជ្រែងសហការ ដល់តម្រូវឲ្យផ្ដល់តម្លៃ និងចូលរួមអនុវត្តន៍ការងារ ដោយឈរលើស្មារតី សាមគ្គីភាពមិត្តភាព ឯកភាពផ្ទៃក្នុងអាណត្តិទី ២ នៃក្រុមប្រឹក្សា នាពេលកន្លងមក ធ្វើឲ្យកិត្យានុភាពរដ្ឋបាលខេត្តប៉ៃលិន កាន់តែត្រូវបានលើកកម្ពស់ និងសូមបន្ត ចូលរួមសហការ ឱ្យបានកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត។

លោក សៅ សារ៉ាត់ ក្នុងនាមជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ និងតំណាងឱ្យក្រុមប្រឹក្សាខេត្តទាំងអស់ ដែលទើបប្រកាសចូលកាន់មុខតំណែង បានប្តេជ្ញាចិត្តក្នុងការបំពេញ ភារកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងខិតខំពង្រឹងរដ្ឋបាលខេត្តឱ្យមានម្ចាស់ការក្នុងការគ្រប់គ្រង និងចាត់ចែងមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព, ដោយប្រតិបត្តិតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

លោក អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអបអរសាទរចំពោះសមាជិក-សមាជិកាក្រុម ប្រឹក្សាខេត្តប៉ៃលិន ដែលត្រូវបានតំណាងប្រជាពលរដ្ឋ, គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី ៣ ដើម្បីបន្តដឹកនាំខេត្តកណ្តាលឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ប្រធានក្រុមការងារ បានគូសបញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការបោះឆ្នោតដើម្បី បង្កើតក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅមកលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹង និងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន, នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការសំដៅលើការផ្ទេរមុខងារ, អំណាច, ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះ លោក អ៉ី ឈាន បានក្រើនរំលឹកឱ្យក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ ព្រមទាំងគណៈអភិបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់, ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនក្នុងខេត្តទាំងមូល ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានបានកំណត់ និងត្រូវយកចិត្តទុក ដាក់លើកិច្ចការអាទិភាពមួយចំនួនដូចជា ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំសម្រាប់ខេត្ត, ការបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយ បញ្ហាប្រឈមនៅមូលដ្ឋាន, និងការធានាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៧៦៧ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ សមាសភាពក្រុមប្រឹក្សាខេត្តប៉ៃលិន អណត្តិទី៣ មានចំនួន ១៥នាក់ គឺឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកចំនួន ១៤រូប មាន៖ ១-ឯកឧត្តម ជា ចាន់ឌិន ២-លោកជំទាវ ពៅ សុខ ៣-ឯកឧត្តម ឃុន វណ្ណៈ ៤-ឯកឧត្តម ខាត់ សុគឿន ៥-ឯកឧត្តម សួស ស៊ីយ៉ាត ៦-លោកជំទាវ សុខ សារី ៧-ឯកឧត្តម រៀម សុមាន ៨-ឯកឧត្តម ឌឹន គឹម ៩-ឯកឧត្តម អ៉ី ហឿន ១០-ឯកឧត្តម ឈៀង អ៊ិត ១១-ឯកឧត្តម សុទ្ធ ឃុនថាល ១២-ឯកឧត្តម សរ វិ ១៣-លោកជំទាវ ឃី ស៊ីណេ និង១៤-ឯកឧត្តម ណុប សិរីយុទ្ធ៕