(ភ្នំពេញ)៖ លោក យ៉ែម រចនា ដែលត្រូវបានគេចោទប្រកាន់ថា ជាអ្នកជួយសម្របសម្រួលលើឯកសារ មិនប្រក្រតីដើម្បីទិញដីមួយកន្លែងនៅក្នុងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចេញមុខធ្វើការបដិសេធនូវការចោទប្រកាន់ខាងលើនេះ ដោយលោកអះអាងថា រាល់ការទិញលក់ដីធ្លីខាងលើ គឺទិញលក់តាមឯកសារផ្លូវច្បាប់ ត្រឹមត្រូវ និយាយរួមគឺឃើញដីជាក់ស្ដែង បំពេញឯកសារផ្លូវច្បាប់គ្រប់គ្រាន់ទើបបង់លុយគ្រ​​ប់​ ព្រោះ​លុ​យ​រាប់​សែ​នដុ​ល្លា​រ​ មិ​ន​ចេះតែដើរទិញងាយៗនោះទេ។

លោក យ៉ែម រចនា បានអះអាងថា ពាក់ព័ន្ធការទិញដីនៅចន្លោះទំនប់ ៩២ និង ៩៤ ស្ថិតក្នុងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល គឺលោកទិញពីឈ្មោះ នៅ ភារម្យ ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅផ្ទះលេខ ២៣អឺ០ ផ្លូវលេខ១៦០ ក្រុម៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក និងឈ្មោះ វ៉ាត ព្រឿង ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ក្នុងនោះ ឈ្មោះ នៅ ភារម្យ តំណាងឲ្យឈ្មោះ ថេង គឹមសាយ , ប្រាក់ លីម , ឆាយ ឈុនឡាយ , ស៊ឹម ម៉េងហោ , ម៉ែន ស៊ីឌីន និងឈ្មោះ អៀម ម៉េងឃីម ដែលការទិញ លក់នេះ ធ្វើឡើង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ មកម្ល៉េះ។

ប៉ុន្តែ ក្រោយមក ស្រាប់តែមនុស្ស៤នាក់ ក្នុងចំណោមអ្នកដែលមានក្នុងឈ្មោះខាងលើនេះ បានដាក់ពាក្យបណ្ដឹង លោកនៅ ភារម្យ ពីបទក្លែងឯកសារលួចលក់ដីរបស់ពួកគាត់ទៅវិញ ហើយថែមទាំងប្ដឹងរូបលោកជាអ្នកជួយសម្របសម្រួលឯកសារថែមទៀតផង។

តាមការអះអាងរបស់លោក យ៉ែម រចនា បានឲ្យដឹងថា តាមលោកដឹង អ្នកដែលមាន ឈ្មោះទាំង៦,៧នាក់ ខាងលើបានពឹងពាក់ឈ្មោះ នៅ ភារម្យ ឲ្យជួយទិញដី នៅតំបន់នោះដែលតាម ទំហំប៉ាន់ស្មានមានជាង៨០ហិកតា តែទំហំជាក់ស្ដែងតែជាង៦០ហិកតា។

ក្រោយទិញដីឲ្យហើយ ដីនៅតំបន់នោះចាប់ផ្ដើមមានជម្លោះប្ដឹងផ្ដល់ជាន់គ្នា ជាមួយដីក្រុមហ៊ុន ហេង អភិវឌ្ឍន៏ ដីឈ្មួញ និងប្រជាជននៅក្នុងតំបន់នោះ ហើយការប្ដឹងផ្តល់គ្នាក៏កើតមានឡើង ម្ចាស់ដីខ្លះមិនទាំងដឹងថាដីខ្លួនឯង នៅកន្លែងណាផង គឺទិញលក់តាមតែក្រដាស និងតាមការអះអាងពីអាជ្ញាធរប៉ុណ្ណោះពេល នោះអ្នកទិញក៏បដិសេធមិនទទួលយកដីដោយទាមទារយកលុយវិញ។

ការសម្របសម្រួលគ្នា អ្នកទិញដីឲ្យឈ្មោះនៅ ភារម្យ ក៏សុខចិត្តទទួលយកដីវិញ និងផ្ដល់តម្លៃដី១ហិកតា៥០០០ពាន់ ដុល្លារទៅអោយអ្នកទិញវិញ តែការសម្របសម្រួលផ្ដល់សំណងតាមវិធីណា គឺលោកមិនដឹងលំអិតឡើយរវាងភាគីអ្នកទិញ៧នាក់ និងឈ្មោះ នៅ ភារម្យ តែតាមលោកដឹង ក្នុងចំណោម៧នាក់ មានអ្នកខ្លះបានទទួលយកលុយវិញហើយ ស្រាប់តែក្រោយមក ឃើញឈ្មោះ៤នាក់ ខាងលើប្ដឹងឈ្មោះ នៅ ភារម្យ និងប្រធានភូមិបាលស្រុកកណ្ដាលស្ទឹង ហើយភ្ជាប់មកឈ្មោះលោកអ្នកទិញតែម្ដង។ ក្នុងនោះ លោកនៅតែបដិសេធថា លោកមានលុយទិញដី ទាល់តែមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ទើបលោកហ៊ានទិញ៕