(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានទទួលជួបលោក Tahamoana Macpherson ឯកអគ្គរដ្ឋទូតនៃប្រទេស New Zealand ប្រចាំកម្ពុជា, ថៃ និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។

តំណាងឲ្យរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និងរដ្ឋាភិបាល New Zealand ដែលបានធ្វើការគាំទ្រតាមរយៈគម្រោងបច្ចេកទេស ការផ្តល់អាហារូបករណ៍ ជាពិសេសលើការលើកកម្ពស់គុណភាព និងបន្លែ និងផ្លែឈើសុវត្ថិភាព ដែលសកម្មភាពនេះ គឺពិតជាស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនឹងបន្ត ហើយក៏មានលទ្ធភាពក្នុងការពង្រឹង និងពង្រីកថែមមួយកម្រិតទៀតផងដែរ ជាពិសេសលើការងារផលិតកម្មសត្វ ដើម្បីចូលរួមជួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេស ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ឯកអគ្គរដ្ឋទូតបានសម្តែងនូវសេចក្តីរីករាយ និងអរគុណចំពោះរដ្ឋមន្ត្រី វេង សាខុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការអនុវត្តគម្រោងកន្លងមក ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

ចំពោះជំនួបនាថ្ងៃនេះ លោកឯកអគ្គរដ្ឋទូតបានជម្រាបជូនពីវឌ្ឍនភាព នៃការអនុវត្តគម្រោងដំណាំសាកវប្បកម្ម ដែលមានឈ្មោះថា «Cambodia Quality Horticulture Initiative» ដែលគម្រោងនេះ ផ្តោតជាសំខាន់ទៅលើការលើកកម្ពស់គុណភាព និងសុវត្ថិភាពបន្លែ និងផ្លែឈើ តាមរយៈការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) ក្នុងការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម និងតម្លៃបន្ថែម រួមជាមួយការកសាង សមត្ថភាព និងទំនាក់ទំនងទីផ្សារ ដែលភាគី New Zealand មានបំណងពង្រីកសកម្មភាពថែមទៀត។

បន្ទាប់ពីបានស្តាប់នូវបទរាយការណ៍អំពីវឌ្ឍនភាព នៃការអនុវត្តគម្រោង លោលរដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលគម្រោងកំពុងសម្រេចបាន ហើយលោកបញ្ជាក់ថា នឹងចុះពិនិត្យផ្ទាល់នាថ្ងៃស្អែក ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា នៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ ដើម្បីឲ្យគម្រោងទទួលបានជោគជ័យបន្ថែមទៀត លោករដ្ឋមន្ត្រីបានណែនាំដល់ក្រុមការងាររៀបចំចងក្រងជាឯកសារ ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើនការបណ្ដុះបណ្ដាលទាំងបច្ចេកទេសជំនាញ និងការអនុវត្តដល់ប្រជាកសិករ ធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរបស់គាត់ឆ្លើយតប ទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច៕