(ត្បូងឃ្មុំ)៖ លោក ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួល និងដាក់ឲ្យប្រើប្រាស់ អណ្តូងស្នប់អាហ្រ្វីដេវ ចំនួន៨០០ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។

ពិធីនេះក៏មានការចូលរួមពីលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំ នៅប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះ រៀបចំធ្វើឡើង ក្នុងវត្តគុជគីរីជីវន្ត ក្បាលអូរ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនោះ លោក ទ្រី មេង បានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច និងវប្បធម៌ ដែលបានប្រែក្លាយ ពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប មកជាប្រទេសដែលមានចំណូលកម្រិតមធ្យម។

លោក ទ្រី មេង បានបន្ថែមទៀតថា «កម្ពុជា ត្រូវបានវាយតម្លៃថា ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ ព្រមទាំងជាប្រទេស ជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វីក ដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការលម្អសូចនាករផ្នែកសង្គមកិច្ច»

ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ ២០១៤-២០១៨ ដោយបាននាំមកនូវភាពប្រែប្រួលជាវិជ្ជមាន អំពីស្ថានភាពជីវភាពរស់នៅ សុខភាព អនាម័យ និងសេវាសាធារណៈផ្សេងៗ ដោយសុខដុមរម្យនាក្នុងសង្គមគ្រួសារ នៅតំបន់ជនបទ។ សកម្មភាពជាច្រើន ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តរួមមាន៖

១៖ ការស្ថាបនាផ្លូវថ្មី ស្ពានបេតុង លូមូល លូជ្រុងគ្រប់ប្រភេទ ជួសជុលថែទាំផ្លូវជនបទជាលក្ខណៈខួប និងប្រចាំ កែលម្អកម្រាលផ្លូវពីក្រួសក្រហម ទៅជាផ្លូវកៅស៊ូពីរជាន់ ស្តារឡើងវិញផ្លូវជនបទ ដែលខូចខាតដោយទឹកជំនន់ សាងសង់ទីទួលសុវត្ថិភាព សម្រាប់បង្ការគ្រោះមហន្តរាយដោយទឹកជំនន់។

២៖ ការផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព អនាម័យ ក្នុងការលើកកម្ពស់លក្ខខណ្ឌ ការរស់នៅរបស់ប្រជាជនជនបទឲ្យបានល្អប្រសើរ ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា «ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅសហគមន៍ជនបទគ្រប់រូប ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព»។

៣៖ ផ្តល់ជូនការងារ មុខរបរអាជីវកម្ម សហគ្រាសខ្នាតតូច និងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀត ដើម្បីផ្លាស់ប្តូរលក្ខខណ្ឌជីវិតរបស់ប្រជាជនជនបទ ឲ្យបានកាន់តែល្អប្រសើរជាងមុន ។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីធានាដល់ការគ្រប់គ្រង និងការប្រើប្រាស់ បានប្រសិទ្ធិភាពយូរអង្វែង និងអនាម័យល្អ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ សូមសំណូមពរមួយចំនួន ដូចខាងក្រោម៖

* សូមលោកតា លោកយាយ ពូមីង និងបងប្អូនជួយថែរក្សាអណ្តូងដែលមានហើយ ឲ្យប្រើប្រាស់បានយូរអង្វែង ព្រោះវាជាប្រភពទឹក និងជាកត្តាដែលជួយឲ្យលោកតា លោកយាយ បងប្អូនទាំងអស់មានអនាម័យ និងសុខភាពល្អ ជៀសផុតពីជម្ងឺនានា។

* មន្រ្តីគម្រោង និងអ្នកពាក់ពន័្ធទាំងអស់ សូមជំរុញការគ្រប់គ្រង និងថែទាំឲ្យបាន គង់វង្សនូវអណ្តូងដែលបានសាងសង់រួច ឲ្យសមស្របតាមលក្ខខណ្ឌ និងសុពលភាព បចេ្ចកទេសកំណត់។

* សូមផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់គម្រោងត្រូវបន្តរួមសហការ ខិតខំបំពេញភារកិច្ចឲ្យបានកាន់តែខ្លាំងខ្លាថែមទៀត ដើម្បីផ្តល់ជូនអណ្តូងទាំងអស់ក្នុង គម្រោងឲ្យទាន់ពេលវេលាដល់ប្រជាជន ប្រកបដោយគុណភាពល្អ។

បើតាមរបាយការណ៍ របស់លោក សុក សុផល្លី អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានឲ្យដឹងថា គម្រោងបានសម្រេចសាងសង់ និងផ្តល់ជូនអណ្តូងទឹកស្អាត ជាជំហានទី១ ចំនួន៨០០អណ្តូង ដល់ប្រជាជន នៅស្រុកមេមត់ ត្បូងឃ្មុំ និងក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងស្រុកមេមត់៖ ឃុំទន្លូងទទួលបាន៨៩អណ្តូង, រូង៤០អណ្តូង, ត្រមូង ៦៧អណ្តូង, ជាំតាម៉ៅ៥៥អណ្តូង, កំពាន់៥២អណ្តូង, រំចេក១៥អណ្តូង, មេមង១៨អណ្តូង, គគីរ១៧អណ្តូង, មេមត់២៩អណ្តូង, ទ្រៀក៩អណ្តូង, ដារ៣៤អណ្តូង, ចាន់មូល១៣អណ្តូង, ជាំ១២អណ្តូង និងជាំក្រវៀន៣៦អណ្តូង។

ក្នុងស្រុកត្បូងឃ្មុំ៖ ឃុំរការពប្រាំទទួលបាន ៨៥អណ្តូង, បឹងព្រួល ១៤ អណ្តូង, ថ្មពេជ្រ ១៦ អណ្តូង, ជប់ ៤អណ្តូង, មង់វៀរ៩អណ្តូង, ជីគរ ៨ អណ្តូង, អញ្ចើម ១៣ អណ្តូង, ស្រទ្បប់ ៣៩ អណ្តូង, ល្ងៀង ២១ អណ្តូង, គរ៦២ អណ្តូង, ពាមជីលាំង៣ អណ្តូង ។ ក្នុងស្រុកក្រូចឆ្មារ៖ ឃុំឈូកទទួលបាន ១៦អណ្តូង និងឃុំទួលស្នួល២៤អណ្តូង៕