(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ៤១, លេខ៣១, លេខ៣៣ និងលេខ៣ ដើម្បីសិក្សា និងពិនិត្យមើលពីស្ថានភាពផ្លូវ ក្នុងដំណើរសាងសង់ ជួសជុលពង្រីកបន្ថែម ដើម្បីឱ្យបានរួចរាល់តាមការកំណត់។

នៅក្នុងបេសកម្មចុះត្រួតពិនិត្យស្ថានភាពផ្លូវ របស់រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូននេះ ក៏មានការចូលរួមពីមន្ត្រីពាក់ព័ន្ធរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន រួមទាំងក្រុមហ៊ុនសាងសង់ផ្លូវជាតិជាច្រើនរូបផងដែរ។

សូមបញ្ជាក់ដែរថា ផ្លូវជាតិលេខ៣៣ ដំណើរការជួសជុលដោយមន្ទីរសាធារណការខេត្តកែប និងខេត្តកំពត។ ផ្លូវជាតិលេខ៣១ ជួសជុល និងថែទាំជាប្រចាំដោយមន្ទីរសាធារណការ ខេត្តកំពត។ ផ្លូវជាតិលេខ៤១ ជួសជុលដោយមន្ទីរសារធារណការ ខេត្តកំពង់ស្ពឺ, តាកែវ និង កំពត។ ដោយឡែកផ្លូវជាតិលេខ៣ កំពុងដំណើរសាងសង់ពង្រីកបន្ថែម ដោយក្រុមហ៊ុនចិន ដែលមានប្រវែង១៣៤.៨០គីឡូម៉ែត្រ ដែលមកដល់ពេលនេះសាងសង់សម្រេចបាន២០.៩៧ភាគរយហើយ ដែលគ្រោងនឹងរួចរាល់នៅ ខែតុលាឆ្នាំ២០២២ ខាងមុខនេះ៕