(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានចាប់ខ្លួនជនជាតិចិន២៨នាក់ ដែលលួចឆ្លងដែនចូលមកស្នាក់នៅ គ្មានលិខិតឆ្លងដែន និងធ្វើការដោយខុសច្បាប់នៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនៅថ្ងៃនេះ កម្លាំងជំនាញរបស់លោក សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យការដ្ឋានសំណង់ នៅតាមបណ្តោយស៊ីសុវត្ថិ កែងផ្លូវលេខ១០០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមលោកប្រធាននាយកដ្ឋាន កម្លាំងជំនាញបានត្រួតពិនិត្យឃើញកម្មករ ចំនួន៤០នាក់ ស្រី៥នាក់ ក្នុងនោះមានជនបរទេស ជាជនជាតិចិនចំនួន២៨នាក់ សង្ស័យលួចឆ្លងដែនចូលមកស្នាក់នៅ គ្មានលិខិតឆ្លងដែន និងធ្វើការដោយខុសច្បាប់។ ជាលទ្ធផល នៃការសាកសួរ ជនជាតិចិនទាំង២៨នាក់ មានចំនួន១៩នាក់ មានលិខិតឆ្លងដែន (គ្មានប័ណ្ណការងារ) និងជនជាតិចិនចំនួន០៩នាក់ មិនមានលិខិតឆ្លងដែន។

បច្ចុប្បន្នជនជាតិចិនចំនួន០៩នាក់ (គ្មានលិខិតឆ្លងដែន) ត្រូវបានយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីបន្ត និងដកហូតលិខិតឆ្លងដែន ចំនួន១៩ក្បាល គ្មានប័ណ្ណការងារ យកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមច្បាប់៕