(ភ្នំពេញ)៖ កម្ពុជានៅតែបន្ដប្ដេជ្ញាលើកកម្ពស់សិទ្ធិកុមារ លុបបាត់ចោលការប្រើប្រាស់ កម្លាំងពលកម្មលើកុមារ និងការប្រើប្រាស់អំពើហិង្សាលើកុមារគ្រប់រូបភាព ហើយចាត់ទុកកុមារជាធនធានមនុស្សដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ដែលអានដោយលោក ជួន វុឌ្ឍី ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ ក្នុងឱកាសប្រារព្ធខួបលើកទី១៨ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោក ជួន វុឌ្ឍី បានអានសារលិខិតរបស់សម្ដេចតេជោថា ក្នុងឆ្នាំនេះទិវាកុមារអន្ដរជាតិត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិកុមារ តាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា ក្រោមប្រធានបទ «កុមារត្រូវសម្រេចសុបិន្ដរបស់ខ្លួន ដោយមិនត្រូវធ្វើជាពលកម្មកុមារ នៅកន្លែងការងារណាមួយឡើយ»

ដើម្បីលើកកម្ពស់សិទ្ធិកុមារ និងលុបបំបាតអំពើហិង្សាលើ កុមារគ្រប់រូបភាពរាជរដ្ឋាភិបាល បានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្ដរជាតិជាច្រើនដូចជា៖ អនុសញ្ញាស្ដីពីសិទ្ធិកុមារ ពិធីសារបន្ថែមស្ដីពីការចូលរួមរបស់កុមារ, អនុសញ្ញាស្ដីពី ការចូលរួមរបស់កុមារ ក្នុងជម្លោះប្រដាប់អាវុធ, ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ, អនុសញ្ញាស្ដីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច, អនុសញ្ញាស្ដីពីការកម្រិតអាយុ អប្បបរិមាសម្រាប់ធ្វើការ, អនុសញ្ញាស្ដីពីការហាមប្រាម និងសកម្មភាពបន្ទាប់សម្រាប់ការលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងអនុសញ្ញាក្រុងឡាអេ ស្ដីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងសុំកូនអន្ដរប្រទេស។

កុមារជាធនធានមនុស្សដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ដើម្បីឲ្យធនធានមនុស្សប្រកបដោយសក្ដានុពល ការផ្ដល់កិច្ចការពារ និងការអភិវឌ្ឍកុមារ គឺជាកិច្ចការយ៉ាងសំខាន់ ដែលតម្រូវឲ្យមានការអនុវត្តន៍ តាមបែបពហុវិស័យបញ្ចូលគ្នា។

លោកស្រី សក់ ចិន្ដារី នាយិការងរដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនានេះ ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារកុមារពីគ្រប់ទម្រង់ នៃការកេងប្រវ័ញ្ចពលកម្ម និងទប់ស្កាត់ភាពគ្រោះថ្នាក់ការងារ៕