(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបាននគរបាលចរាចរណ៍ចាប់ផាកពិន័យ រឿងបើកបត់ឆ្វេងខុសផ្លាកសញ្ញា (ហាមបត់ឆ្វេង) នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

គោលដៅដែលមន្ដ្រីនគរបាលចរាចរណ៍ផាកពិន័យ លោក ហ៊ុន ម៉ានី កើតឡើងនៅវេលាម៉ោង០១៖២៥នាទី រសៀលថ្ងៃនេះ ស្ថិតនៅមុខរ៉ារថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅពេលដែលលោក និងអ្នកបើករថយន្ដរបស់លោក បានបើកបត់ឆ្វេងខុស ដែលមានផ្លាកសញ្ញាហាមបត់ឆ្វេង។

ការផាកពិន័យខាងលើនេះ ក៏ត្រូវបានលោក ហ៊ុន ម៉ានី យកទៅបង្ហោះនៅលើ Facebook របស់ខ្លួនយ៉ាងដូច្នេះថា «មួយសូន្យខុសឲ្យដឹងថាខុស និងទទួលកំហុស។ អរគុណបងៗ ប៉ូលីសដែលបានធ្វើការណែនាំបន្ថែម»។ ការបង្ហោះនេះ លោកក៏បានភ្ជាប់ជាមួយវិក្កិយបត្របង់ប្រាក់របស់នគរបាលចរាចរណ៍ នូវទឹកប្រាក់៥ម៉ឺនរៀល។

មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក បានប្រាប់បណ្ដាញព័ត៌មាន Fresh News បន្ថែមនៅរសៀលថ្ងៃនេះថា លោក ហ៊ុន ម៉ានី បានជិះនៅក្នុងរថយន្ដជាមួយអ្នកបើករថយន្ដរបស់លោក ដោយធ្វើដំណើរនៅលើផ្លូវមុន្នីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចភ្លើងស្ដុបជាប់អគារវឌ្ឍនៈ ស្រាប់តែបត់ឆ្វេង ក៏ត្រូវនគរបាលចរាចរណ៍មួយក្រុម ដាក់គោលដៅនៅក្បែរនោះ ចេញមកចាប់ផាកពិន័យតែម្ដង ដោយសារតែពេលធ្វើដំណើរពីទិសខាងត្បូងមកដល់ចំណុចភ្លើងស្តុប គឺមានផ្លាកសញ្ញាហាមបត់ឆ្វេង។

តាមមន្ដ្រីនគរបាលចរាចរណ៍ ក្រោយចាប់ផាកពិន័យសមត្ថកិច្ចនៅគោលដៅ បានចេញវិក្កិយបត្រឲ្យបង់លុយ ៥ម៉ឺនរៀល ប៉ុន្ដែយកទៅបង់នៅគោលដៅនគរបាលចរាចរណ៍ ស្ថិតនៅជាប់អនុវិទ្យាល័យចតុមុខ ក្រោយព្រះបរមរាជវាំង។

ករណីនេះ ត្រូវបានមហាជនកោតសរសើរ ចំពោះការទទួលកំហុសរបស់ខ្លួន បើទោះបីមានតួនាទីជាតំណាងរាស្ដ្រ និងជាកូនប្រុសរបស់នាយករដ្ឋមន្ដ្រី ក៏ត្រូវចូលរួមគោរពច្បាប់ប្រទេសជាតិ ដូចប្រជាពលរដ្ឋទូទៅផងដែរ ហើយរូបភាពនេះក៏ជាគំរូដល់មន្ដ្រីរបស់រដ្ឋផ្សេងៗទៀត ត្រូវតែទទួលស្គាល់នូវទោសកំហុស នៅពេលដែលខ្លួនបានប្រព្រឹត្ត៕