(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យដោះស្រាយរាល់បញ្ហាប្រឈម និងការលំបាកដែលមាននៅសេសសល់ក្នុងមូលដ្ឋានខេត្ត សម្ដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ។

ក្រោយពីបានស្តាប់នូវរបាយការណ៍ របស់ក្រុមការងារក្រុង ស្រុកទាំងប្រាំ និងការពិភាក្សាគ្នាលើបញ្ហានីមួយៗ រួចមក ទេសរដ្ឋមន្ដ្រី គន់ គីម បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ដឹកនាំក្រុង ស្រុក និងមន្ទីរជុំវិញខេត្ត ដែលបានសហការការគ្នាខិតខំ សម្រេចរាល់ភារកិច្ច និងបានដោះស្រាយបញ្ហាប្រឈម ដែលកើតមាននៅមូលដ្ឋានបានទាន់ពេលវេលា ដូចជាទំនាស់ដីធ្លី ការដោះស្រាយកង្វះទឹក ជូនប្រជាពលរដ្ឋការជួសជុលធ្វើផ្លូវក្នុងមូលដ្ឋាន ដាក់លូរំដោះទឹក និងការជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ។ល។ ព្រមទាំងបានរៀបចំកម្មវិធីហូប នំបញ្ចុក សាមគ្គីជាតិនៅទូទាំងខេត្ត តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពរីករាយ ស្និតស្នាល និងសុវត្ថិភាព។

ចំពោះបញ្ហាប្រឈមដែលនៅសេសសល់ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានជំរុញឲ្យក្រុមការងារ អាជ្ញាធរឃុំ ស្រុក ខេត្ត និងស្ថាប័នជំនាញត្រូវរួមគ្នា បន្តដោះស្រាយតាមជាក់ស្តែង អ្វីដែលត្រូវដោះស្រាយមុន អ្វីដែលត្រូវដោះស្រាយបន្ត ចំពោះបញ្ហាណាដែលលើសពី សមត្ថភាពខ្លួនត្រូវរាយការណ៍ សុំឲ្យថ្នាក់ជាតិជួយដោះស្រាយ។

ក្នុងនោះ លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឲ្យដោះស្រាយបញ្ហាតាមគោលការណ៍ឈ្នះៗ ដោយផ្អែកលើច្បាប់ និងឲ្យបានទាន់ពេលវេលា ខិតខំបញ្ចប់បញ្ហាប្រឈមចាស់ និងជំរុញការដោះស្រាយបញ្ហាប្រឈមថ្មី។ ដើម្បីអនុវត្តបានដូចខាងលើ លោកក៏បានសុំឲ្យមន្ត្រី និងក្រុមការងារ ត្រូវដំកល់ផលប្រយោជន៍ជាតិជាធំ លើកកម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចឲ្យអស់លទ្ធភាព និងធ្វើសកម្មភាពឲ្យបានព្រមៗគ្នា៕